ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍ ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍»


ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ បានចុះហត្ថលេខាលេីអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការជំរុញខ្សែក្រវ៉ាត់បៃតងនៅតាមតំបន់ទេសចរណ៍» នៅសួនអាស៊ាន-កូរ៉េកម្ពុជា ខេត្តសៀមរាប។

កិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់បៃតង» នេះនឹងជួយបង្កេីតនូវខ្សែច្រវាក់ផ្គត់ផ្គង់ តាមរយៈសហគមន៍កសិកម្ម សំដៅលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋ បង្កេីនតម្លៃបន្ថែមសម្រាប់វិស័យកសិ-ទេសចរណ៍នៅតំបន់ជុំវិញ ជាពិសេសនៅតំបន់ទេសចរណ៍សំខាន់ៗដូចខេត្តសៀមរាបជាដេីម។

កសិករ និងសហគមន៍មូលដ្ឋាន នឹងទទួលបានប្រភពចំណូលផង ហេីយវិស័យទេសចរណ៍នឹងមានការកេីនឡេីង ប្រកបដោយលទ្ធផលឈ្នះៗទាំងអស់គ្នា ស្តែងចេញជាការនាំចេញនៅនឹងកន្លែង។ ក្នុងន័យនេះ កសិករ និងសហគមន៍កសិកម្ម នឹងដេីរតួនាទីក្នុងការផ្គត់ផ្គង់ផលិតផលកសិកម្ម ធានាបានទាំងនិរន្តរភាពនៃការផ្គត់ផ្គង់ តម្លៃ និងបរិមាណ តាមការតភ្ជាប់ទៅកាន់ទីផ្សារកសិ-ទេសចរណ៍ ហេីយភ្ញៀវជាតិ និងអន្តរជាតិក៏អាចទទួលបាននូវអារម្មណ៍ប្លែកៗមួយបែបទៀតក្នុងការទស្សនាខ្សែច្រវាក់ផលិតកម្មនៃកសិផលសក្តានុពលកម្ពុជា។

ការនាំចេញនៅនឹងកន្លែង និងការបំពេញឱ្យគ្នាទៅវិញទៅមក គឺជាកត្តាសំខាន់ចាំបាច់សម្រាប់វិស័យកសិ-ទេសចរណ៍ ពោលគឺតំបន់ទេសចរណ៍នៅទីណា ប្រភពនៃការផ្គត់ផ្គង់គឺនៅទីនោះ ហេីយមានលក្ខណៈពេញលេញរួមមាន៖ បន្លែ ត្រី សាច់ សំដៅពង្រីកវិសាលភាពផលិតកម្ម បង្កេីនប្រាក់ចំណូលជូនសហគមន៍មូលដ្ឋានតាមរយៈវិស័យកសិកម្ម និងភាគលាភបន្ថែមនៃវិស័យទេសចរណ៍៕