អភិបាលខេត្ត​ស្វាយរៀង​៖ អបអរសាទរ​ពិធីរុក្ខទិវា​៩កក្កដា​ ឆ្នាំ២០២៦​ ​នៅវត្តក្តីកណ្តាល​ ភូមិកណ្តាល​ ឃុំស្វាយចេក​ ស្រុករំដួល


នៅព្រឹកថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ​ ឯកឧត្ត​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ស្វាយរៀង​ និងឯកឧត្តម​ ប៊ុន​ សាវ៉ាន់​ សមាជិកក្រុមប្រឹក្សាខេត្ត​ តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​បានអញ្ជេីញជាអធិបតីក្នុងពិធីរុក្ខទិវា​៩កក្កដា​ ឆ្នាំ២០២៦ដែលបានប្រារព្ធធ្វេីនៅបរិវេណវត្តក្តីកណ្តាល​ ស្ថិតក្នុងភូមិកណ្តាល​ ឃុំស្វាយចេក​ ស្រុករំដួល​។
មានប្រសាន៍ទៅកាន់ពិធីនេះ​ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវកា​រកោតសរសើរចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានខណ្ឌរដ្ឋបាលព្រៃឈើ ស្វាយរៀង ជាសេនាធិការ កន្លងមក ក៏ដូចជាក្នុងរយៈពេល ពេល ៦ខែ ៦ខែ ក្នុងឆ្ល ក្នុងឆ្នាំ២០២៦នេះ ខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ក្នុងការបន្តបណ្តុះ និងធ្វើការយ៉ាងសកម្មចែកចាយកូនឈើគ្រប់ប្រភេទ ប្រគេន និងចែកជូនដល់ទីវត្តអារាម សាលារៀន និងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានយកទៅដាំដុះតាមតម្រូវការ បានចំនួន រាប់ពាន់ដើម​ ហើយនៅថ្ងៃនេះ ក្រៅពីដាំកូនឈើចំនួន ៧៧០ដើម លើផ្ទៃដីប្រមាណ ២ហ.ត មន្ទីរក៏បាននាំយកកូនឈើ ប្រមាណ ៥៤០ដើម សម្រាប់ចែកជូនប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម​បន្តថា​ ពិធីរុក្ខទិវាពុំមែនជាពិធីដែលយើងទើប នឹងរៀបចំនោះទេ គឺជាពិធីដែលជាវប្បធម៌ដ៏ឧត្តុង្គឧត្តម ដែលកើតមានតាំងពីសម័យសង្គម រាស្ត្រនិយម នៅក្នុងឆ្នាំ១៩៥២ មកម៉្លេះ ដែលកាលនោះ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែប្រោសព្រះរាជទាន លើកទឹកចិត្ត និងយាងចូលរួមជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីរុក្ខទិវានៅតាមបណ្តាខេត្តនានា និងបានបន្តរហូតមកទល់នឹងបច្ចុប្បន្ន ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ ការថែរក្សាសម្បត្តិព្រៃឈើ និងបណ្តុះ គំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ​ សម្រាប់ជាប្រយោជន៍ និងរំឭកដល់ប្រជាពលរដ្ឋទាំងអស់គ្នា ឲ្យបានយល់ច្បាស់ពី គុណសម្បត្តិ នៃការដាំដើមឈើ និងនាំគ្នាដាំដើមឈើឲ្យបានគ្រប់ទីកន្លែងដែលមានដី ទំនេរ ក៏ដូចជានៅទីវត្តអារាមដែលយើងទាំងអស់គ្នាកំពុងប្រារព្ធធ្វើនាពេលនេះ ។
ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ត្រូវ៖
-​ រួមគ្នាទប់ស្កាត់រាល់បទល្មើសព្រៃឈើ និងការកាប់រាន ឈូសឆាយ ចាប់យក និង ហ៊ុមព័ទ្ធព្រៃឈើដើម្បីយកដីមកធ្វើជាកម្មសិទ្ធិឯកជនខុសច្បាប់​ និងមានម្ចាស់ការទទួលខុសត្រូវ និងចាត់វិធានការច្បាប់ជាបន្ទាន់ នៅពេលមានករណីនេះកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនជាពិសេសត្រូវរៀបចំចាត់ចែងធ្វើការចុះបញ្ជីគ្រប់គ្រងដីព្រៃសហគមន៍ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ហើយសូមឲ្យមន្ទីរពាក់ព័ន្ធ ដូចជាមន្ទីរកសិកម្ម មន្ទីរបរិស្ថាន និងមន្ទីររៀបចំដែនដី ជាដើម គាំទ្រលើកិច្ចការនេះ។
-​ មន្ទីរ-អង្គភាពពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានបន្តដានតាមការវិវត្តន៍ និងផ្សព្វផ្សាយជាប្រចាំជូន ប្រជាពលរដ្ឋបានដឹងពីផលវិបាក នៃការប្រែប្រួលអាកាសធាតុនេះ និងត្រៀមឆ្លើយតបនូវ មធ្យោបាយចាំបាច់ដើម្បីអន្តរាគមន៍ជួយសង្គ្រោះក្នុងករណីចាំបាច់ ហើយក៏សូមឲ្យបងប្អូន ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនិងការយកចិត្តទុកដាក់ប្រើប្រាស់ទឹកដោយ ការសន្សំសំចៃផងដែរ ។
-បន្តការចូលរួមគោរពច្បាប់ចរាចរណ៍ ជួយអប់រំដាស់តឿនកូនចៅឲ្យ ចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ចូលរួមថែរក្សា និងលើកកម្ពស់អនាម័យបរិស្ថាន នៅក្នុងមូលដ្ឋានភូមិ ឃុំ ស្រុករបស់យើងឲ្យបានស្អាតល្អ ប្រកបដោយសោភ័ណភាព និងសូមមានការប្រុងប្រយ័ត្ន និងថែរក្សាការពារកូនចៅពីជំងឺឆ្លងផ្សេងៗ ជាពិសេស ជំងឺគ្រុនឈាមជាដេីម៕