កម្ពុជាប្តេជ្ញាពង្រឹងវិស័យអាកាសចរណ៍ស៊ីវិល ឆ្ពោះទៅក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់


ក្នុងឱកាសទទួលស្វាគមន៍ប្រតិភូគណៈកម្មការទី៩ នៃព្រឹទ្ធសភា ដែលដឹកនាំដោយ ឯកឧត្តម អ៊ុំ សារិទ្ធ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ពីវឌ្ឍនភាពសំខាន់ៗ និងទិសដៅអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ក្នុងគោលបំណងពង្រឹងវិស័យនេះឱ្យកាន់តែរឹងមាំ និងប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានលើកឡើងពីសមិទ្ធផលជាច្រើន រួមមានការពង្រឹងការតភ្ជាប់ផ្លូវអាកាស ការពង្រីកបណ្តាញជើងហោះហើរ និងការជំរុញទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ។

ជាមួយគ្នានេះ កម្ពុជាបានបន្តពង្រឹងសមត្ថភាពតួនាទីជាអាជ្ញាធរនិយ័តករ ដោយអនុវត្តតាមស្តង់ដារ ICAO និងរក្សាកម្រិតអនុលោមភាពខ្ពស់លើផ្នែកសុវត្ថិភាព និងសន្តិសុខអាកាសចរណ៍។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានថ្មីៗ និងការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស (CNS/ATM) ក៏ជាចំណុចគន្លឹះក្នុងការបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពផងដែរ។

បន្ថែមពីនេះ វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា បានពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការចុះកិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាស និងជំរុញការអភិវឌ្ឍ ក្រុមហ៊ុនអាកាសចរណ៍ជាតិ ដោយគាំទ្រការពង្រីកកងយន្តហោះជំនាន់ថ្មី។

ពិសេសជាងនេះទៅទៀត កម្ពុជាក៏បានផ្តោតលើការអភិវឌ្ឍអាកាសចរណ៍បៃតង ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ស្របតាមគោលការណ៍អន្តរជាតិ។

ទិសដៅអនាគត គឺបន្តពង្រឹងការតភ្ជាប់ផ្លូវអាកាសជាមួយទីផ្សារសក្តានុពល និងអភិវឌ្ឍកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់។ តាមរយៈការលើកកម្ពស់សុវត្ថិភាព សន្តិសុខ គុណភាពសេវាកម្ម និងការប្រកួតប្រជែង កម្ពុជារំពឹងថានឹងបន្តទាក់ទាញការវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន៕