អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំសរុបលទ្ធផលការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រចាំឆមាសទី១ ឆ្នាំ២០២៦


អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំសរុបលទ្ធផលការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ហៅកាត់ថា គ.ប.ឆ.ប.ខ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរក្រុង-ស្រុកទាំង១០ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

បើតាមមន្ត្រីរដ្ឋបាលខេត្ត បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីវាយតម្លៃលទ្ធផលពីកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលការងាររបស់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលកន្លងមក ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានផ្ដល់ឱកាសឱ្យអាជ្ញាធរក្រុង-ស្រុក ធ្វើការរាយការណ៍អំពីសភាពការណ៍ និងលទ្ធផលនៃការអនុវត្តការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗ ដើម្បីដោះស្រាយ និងសម្របសម្រួលឱ្យបានទាន់ពេលវេលា៕