ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ វិស័យបរធនបាលកិច្ច កំពុងដើរតួនាទីសំខាន់ក្នុងការ ទាក់ទាញទុនវិនិយោគបរទេស ខណៈមកដល់បច្ចុប្បន្ននេះ កៀគរទុនវិនិយោគបានជិត ២៧០០លានដុល្លារ


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យបរធនបាលកិច្ចនៅកម្ពុជា បាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញរំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) យ៉ាងសន្ធឹកសន្ធាប់ ចូលទៅក្នុងវិស័យអចលនទ្រព្យ ពាណិជ្ជកម្ម និងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមពីនេះក៏បានផ្ដល់នូវភាពច្បាស់លាស់ និងភាពរឹងមាំផ្នែកច្បាប់ ជូនដល់វិនិយោគិនគ្រប់រូប ទាំងជារូបវន្តបុគ្គល និងជានីតិបុគ្គលផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងវេទិកា «បរធនបាលកិច្ច ឆ្នាំ២០២៦» ក្រោមមូលបទ «បរធនបាលកិច្ចក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ» នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តយកចិត្តទុកដាក់ជំរុញ ពង្រឹង និងពង្រីកវិស័យបរធនបាលកិច្ចនេះ ឲ្យស្របតាមការវិវត្តជាក់ស្តែងយ៉ាងរហ័សនៃសង្គម-សេដ្ឋកិច្ចជាតិ ក៏ដូចជាតាមឧត្តមានុវត្តជាអន្តរជាតិ សម្រាប់រយៈពេលវែងទៅមុខទៀត។

លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានបង្ហាញពីតួលេខដ៏គួរឱ្យចាប់អារម្មណ៍ ដោយគិតមកដល់បច្ចុប្បន្ន បរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់បានកើនដល់ចំនួន ១ ៩៧៤ករណី ជាមួយនឹងទំហំបរធនសរុបប្រមាណជា ២ ៦៧២ លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះ បរធនបាលកិច្ចភាគច្រើន ជាបរធនបាលកិច្ចពាណិជ្ជកម្ម ដែលបរធនបាលកិច្ចអចលនវត្ថុ និងបរធនបាលកិច្ចសេវារក្សាទុក ឬសេវារក្សាសុវត្ថិភាព មានកំណើនខ្ពស់ជាងគេ។

ជាក់ស្តែង គិតមកដល់ឆមាសទី១ ឆ្នាំ២០២៦ បរធនបាលកិច្ចអចលនវត្ថុចំនួន ១ ០២៥ ករណី ជាមួយនឹងទំហំបរធន ៩៩៣ លានដុល្លារអាមេរិក និងបរធនបាលកិច្ចសេវារក្សាទុក ឬរក្សាសុវត្ថិភាពចំនួន ៨៣១ ករណី ជាមួយទំហំបរធនប្រមាណ ៨៩៦ លានដុល្លារអាមេរិក ត្រូវបានបង្កើត និងចុះបញ្ជីនៅនិយ័តករបរធនបាលកិច្ច (ន.ប.ធ.)។

បរធនបាលកិច្ចទាំងនោះមាននៅតាមបណ្តារាជធានី-ខេត្តចំនួនប្រាំមួយ ច្រើនជាងគេគឺនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពង់ឆ្នាំង។ ការរីកចម្រើននេះឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន និងសក្តានុពលដ៏ធំធេងនៃវិស័យបរធនបាលកិច្ចក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕