(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសមពីលោក ស៊ន ភិរម្យ នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Eco Energy EV Automotive Cambodia ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដែលប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា។
ក្នុងជំនួបនេះ លោក ស៊ន ភិរម្យ បានធ្វើបទបង្ហាញលម្អិតអំពីលក្ខណៈបច្ចេកទេស សមត្ថភាព និងអត្ថប្រយោជន៍នៃរថយន្តភីកអាប់អគ្គិសនីសុទ្ធម៉ាក Rely EV។ រថយន្តនេះត្រូវបានលើកឡើងថាជាជម្រើសដ៏សំខាន់មួយក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបំពុលបរិស្ថាន ព្រមទាំងបានបង្ហាញពីឱកាសនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន ដើម្បីជំរុញការប្រើប្រាស់យានយន្តថាមពលស្អាតឱ្យកាន់តែទូលំទូលាយនៅក្នុងប្រទេស។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិនិយោគ និងការនាំយកបច្ចេកវិទ្យារថយន្តអគ្គិសនីមកកាន់ប្រទេសកម្ពុជា។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ការលើកកម្ពស់ការប្រើប្រាស់យានយន្តថាមពលស្អាត គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយការបំពុលបរិស្ថាន កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបរិស្ថានបៃតង និងសុខុមាលភាពប្រជាពលរដ្ឋ។ កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់កម្ពុជា៕








