(ភ្នំពេញ)៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយលោក Julien BERT នាយកប្រតិបត្តិនៃក្រុមហ៊ុន SOCIETE CONCESSIONAIRE DE L’AEROPORT (SCA) ក្នុងឱកាសដែលលោកទើបត្រូវបានតែងតាំង។
ក្នុងជំនួបដ៏មានតម្លៃនេះ ឯកឧត្តម ជា វុទ្ធី បានប្រាប់លោកនាយកប្រតិបត្តិក្រុមហ៊ុន SCA អំពីវិធានការយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលបានរួមចំណែកស្តារទំនុកចិត្ត និងកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ ព្រមទាំងពង្រឹងបរិយាកាសវិនិយោគ និងធានាសុវត្ថិភាពជូនវិនិយោគិន និងភ្ញៀវទេសចរដែលអញ្ជើញមកកម្ពុជា។
ជាមួយគ្នានេះ លោកបានស្វាគមន៍ និងអបអរសាទរចំពោះលោក Julien BERT ចំពោះការតែងតាំងជានាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុន SCA ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការវិនិយោគរយៈពេលជាងបីទសវត្សរ៍របស់ក្រុមហ៊ុននៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអាកាសចរណ៍ និងលើកកម្ពស់វិស័យទេសចរណ៍របស់កម្ពុជា។
លោក Julien BERT ក៏បានធ្វើបច្ចុប្បន្នភាពអំពីការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ព្រមទាំងបានចែករំលែកពីទិសដៅរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគទៅក្នុងវិស័យភស្តុភារកម្ម ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។
ឯកឧត្តម ជា វុទ្ធី បានសម្តែងការគាំទ្រ ចំពោះផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន និងបានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងប្រព័ន្ធភស្តុភារកម្ម សំដៅលើកកម្ពស់ការប្រកួតប្រជែងក្នុងការទាក់ទាញការវិនិយោគ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍៕









