ក្នុងខែកក្កដា ២០២៦ ក្រសួងបរិស្ថាន ទប់ស្កាត់ទឹកកខ្វក់ជាង ជាង ២លានម៉ឺនម៉ែត្រគូប មិនឱ្យបំពុលបរិស្ថាន និងប្រភពទឹកធម្មជាតិ


(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បាននិងកំពុងចាត់វិធានការយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ ពីរោងចក្រ សហគ្រាស និងប្រភពបំពុលផ្សេងៗ ដោយបានឃាត់ និងទប់ស្កាត់ទឹកកខ្វក់ ក្នុងខែកក្កដា ឆ្នាំ២០២៦ បានចំនួន ២ ២៧០ ២៨៥ម៉ែត្រគូប មិនឱ្យហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ។

ជាមួយគ្នានេះ ក្រសួងបរិស្ថានបាននិងគ្រប់គ្រងទឹកកខ្វក់ មិនឱ្យបញ្ចេញទៅក្រៅពីទីតាំងអាជីវកម្មនានា ចំនួន៧៣ ២៣៥ ម៉ែត្រគូប ប៉ះពាល់ប្រភពទឹកសធារណៈ និងធម្មជាតិនៅទូទាំងប្រទេស។ លទ្ធផលសម្រេចបាននាពេលនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបាននិងកំពុងអនុវត្តច្បាប់ ទប់ស្កាត់ការបំពុលបរិស្ថាន ធានាសុខភាពរបស់ប្រជាពលរដ្ឋឱ្យរស់នៅបានល្អប្រសើរ និងសម្រេចបានក្រោមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន លើសសរស្តម្ភទី១ ផ្តោតលើភាពស្អាត (ទឹក ដី មេឃ)។

លើសពពីនេះ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាស ដែលបានសហការអនុវត្តច្បាប់ បំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវ និងចូលរួមកាត់បន្ថយការបញ្ចេញទឹកកខ្វក់ចូលក្នុងប្រភពទឹកធម្មជាតិ សំដៅការពារសុខភាពប្រជាពលរដ្ឋ និងរក្សាភាពស្អាតនៅកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុន រោងចក្រនិងសហគ្រាស ចំនួន៦៤ ទីតាំងបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ដូចមានកំណត់ក្នុង មាត្រា ១៧៨ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។

គិតចាប់ពីខែមករាឆ្នាំ២០២៥ រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសជាង ៣៥លានម៉ែត្រគូប (៣៥ ២៣៥ ០០៣ម៉ែត្រគូប) មិនឱ្យហូរចូលប្រភពទឹកធម្មជាតិ។

ដោយឡែកក្នុងរយៈពេល៧ខែ(មករា- កក្កដា) ឆ្នាំ២០២៦នេះ ទឹកកខ្វក់ជាង ១៥ ១៦០ ៧៣០ម៉ែត្រគូប ត្រូវបានត្រួតពិនិត្យនិងទប់ស្កាត់មិនឱ្យបំពុលបរិស្ថាន៕