សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោមម្លប់សុខសន្តិភាពពេញលេញទូទាំងប្រទេសក្នុងរយៈពេលជិត ២៨ឆ្នាំនេះ កម្ពុជាបានពូនជ្រំសមិទ្ធផលយ៉ាងត្រចះត្រចង់ជាច្រើនរាប់មិនអស់


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ក្រោមម្លប់សុខសន្តិភាពពេញលេញទូទាំងប្រទេសក្នុងរយៈពេលជិត ២៨ឆ្នាំនេះ កម្ពុជាបានពូនជ្រំសមិទ្ធផលយ៉ាងត្រចះត្រចង់ជាច្រើនរាប់មិនអស់ និងកំពុងបង្កើតស្នាដៃថ្មីៗបន្ថែមទៀត ស្របតាមនិន្នាការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានការណ៍នយោបាយ សង្គម សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា សុខភាពសាធារណៈ និងការប្រែប្រួលអាកាសធាតុ។ ការថ្លែងបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចចំនួន ៤.០០១អង្គ/នាក់ រួមនិងពិធីសម្ពោធអគារសិក្សា ចំណត និងការិយាល័យកម្ពស់៦ជាន់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦។

សម្តេចធិបតី នាយករដ្ឋមន្ត្រីបានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិរយៈពេលវែង និងបន្តផ្តល់អាទិភាពទី១ដល់មនុស្ស និងបន្ថែមអាទិភាពទី២ គឺបច្ចេកវិទ្យា សំដៅផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាពីសេដ្ឋកិច្ចពឹងផ្អែកលើកម្លាំងពលកម្មទៅជាសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ និងបច្ចេកវិទ្យា។ ក្នុងនោះសម្រាប់ក្របខ័ណ្ឌអភិវឌ្ឍមូលធនមនុស្ស រាជរដ្ឋាភិបាលបាន និងកំពុងលើកកម្ពស់គុណភាពនៃការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍជំនាញទាំងជំនាញរឹង និងជំនាញទន់ ការរៀបចំកម្លាំងពលកម្មឱ្យឆ្លើយតបទៅកាន់តែប្រសើរទៅនឹងការផ្លាស់ប្តូរនៃនិម្មាបនកម្មសេដ្ឋកិច្ច តម្រូវការទីផ្សារការងារ និងបច្ចេកវិទ្យាឌីជីថល តាមរយៈការផ្លាស់ប្តូរ ជំនាញ និងការបង្កើនជំនាញ និងការលើកកម្ពស់សុខភាពសាធារណៈ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកំពុងកែលម្អលក្ខខណ្ឌការងារ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន តាមរយៈការកែទម្រង់ស្ថាប័ន និងអភិបាលកិច្ច ការលើកកម្ពស់គុណាធិបតេយ្យ និងការកែសម្រួលប្រព័ន្ធលើកទឹកចិត្តផ្សេងៗទៀត។

ក្នុងក្របខ័ណ្ឌអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលបាន និងកំពុងជម្រុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព សមាហរណកម្ម សហថាមពល និងនវានុវត្តន៍ តាមរយៈការដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ ដើម្បីកសាងរដ្ឋាភិបាលឆ្លាតវៃ ព្រមទាំងគោលនយោបាយ និងយុទ្ធសាស្ត្រចាំបាច់ដទៃទៀត សំដៅឆ្លើយតបនឹងដំណើរការបដិវត្តឧស្សាហកម្ម ៤.០ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

ក្នុងគោលបំណងជម្រុញការអភិវឌ្ឍវិស័យអប់រំកម្ពុជាឱ្យមានគុណភាព ប្រសិទ្ធភាព សមធម៌ និងនវានុវត្តន៍ សម្តេចនាយករដ្ឋមន្ត្រីបានដាក់ចេញអនុសាសន៍មួយចំនួន សម្រាប់ក្រសួងអប់រំ យុវជន និងកីឡា៖ ទី១.ត្រូវបន្តលើកកម្ពស់ការអប់រំឌីជីថល ក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្ម ៤.០ តាមរយៈការកែលម្អវេទិកាឌីជីថល និងបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល ការផលិតវីដេអូបង្រៀនមុខវិជ្ជាគោលសម្រាប់ថ្នាក់ប្រឡង ការបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងការរៀន និងការបង្រៀន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមសាលារៀន និងការបង្កើតកម្មវិធីអប់រំឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច បដិវត្តកម្មបច្ចេកវិទ្យា និងការផ្លាស់ប្តូរនិម្មាបនកម្មសកល។

ទី២.ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍមូលធនមនុស្សឱ្យឆ្លើយតបទៅកាន់តែប្រសើរឡើងទៅនឹងការកើនឡើងនៃការប្រកួតប្រជែងនៅក្នុងទីផ្សារការងារ ព្រមទាំងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ជាពិសេសក្នុងបរិការណ៍នៃការប្រកួតប្រជែងលើគ្រប់ទិដ្ឋភាព ទាំងភូមិសាស្ត្រ នយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏ដូចជាការរីកលូតលាស់យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ការអភិវឌ្ឍវិស័យសង្គមសេដ្ឋកិច្ច និងដែលលំអៀងទៅរកការប្រើប្រាស់បច្ចេកវិទ្យា និងការផ្លាស់ប្តូរនិម្មាបនកម្មសកល ក្នុងគោលបំណងចម្បងដើម្បីបង្កើនភាពធន់ និងកសាងសង្គមសេដ្ឋកិច្ចឌីជីថលរឹងមាំ។

ទី៣.ត្រូវបន្តលើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែកដល់ការកសាងពលរដ្ឋឌីជីថល បង្កើនសមត្ថភាពសិស្ស-និស្សិតលើវិស័យឌីជីថល សំដៅបង្កើនប្រសិទ្ធភាពនៃការបង្រៀន និងការរៀនតាមប្រព័ន្ធឌីជីថល ព្រមទាំងលើកកម្ពស់ដល់ស្វ័យសិក្សារបស់សិស្ស-និស្សិត ដោយត្រូវពង្រឹងកិច្ចសហការជាមួយក្រសួងប្រែសណីយ៍ និងទូរគមនាគមន៍ ធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមសាលារៀន សម្រាប់ជម្រុញការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ សំដៅសម្រេចបានការអប់រំប្រកបដោយនិរន្តរភាព និងបរិយាបន្ន ព្រមទាំងលើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវ និងការរៀនសូត្រសម្រាប់មួយជីវិត។

ទី៤.ត្រូវបន្តលើកកម្ពស់គុណភាពអប់រំ ដោយចាប់ផ្តើមពីការលើកកម្ពស់គុណភាពគ្រូ គុណភាពនាយកសាលា ដែលផ្តោតលើវិធីសាស្ត្របង្រៀន កម្មវិធីបង្រៀន និងសម្ភារបរិក្ខារឱ្យបានសមស្រប និងចក្ខុវិស័យនៃការអប់រំកម្ពុជាសតវត្សរ៍ទី២១។ ទន្ទឹមនេះ ត្រូវបន្តខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន ជាពិសេសការរៀបចំឱ្យមានបណ្ណាល័យដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងឯកសារគ្រប់គ្រាន់សម្រាប់ការសិក្សារៀនសូត្រ និងការស្រាវជ្រាវទៅតាមគ្រឹះស្ថានសិក្សាទាំងរដ្ឋទាំងឯកជន។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្ត្រាចារ្យ និងបុគ្គលិកសិក្សា ត្រូវបន្តដើរតួនាទីនាំមុខ ជាទីប្រឹក្សា ជាអ្នកតម្រង់ទិស ជាអ្នកស្រាវជ្រាវ ជានវានុវត្តជន ដែលត្រូវប្រឹងប្រែងអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ ទាំងផ្នែកចំណេះដឹង ចំណេះធ្វើ វិធីសាស្ត្របង្រៀន និងការប្រើប្រាស់វិជ្ជាបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្រៀន៕