សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកំពុងលើកកម្ពស់គុណភាព នៃការអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ


(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ បានលើកឡើងថា ក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍មូលធនមនុស្ស រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងលើកកម្ពស់គុណភាព នៃការអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ការអភិវឌ្ឍជំនាញ ទាំងជំនាញរឹង និងជំនាញទន់។

ក្នុងឱកាសនៃការអញ្ជើញជាអធិបតីពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តាសេដ្ឋកិច្ច និងសម្ពោធអគារសិក្សាកំពស់៦ជាន់ សមិទ្ធផលនានា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ក្រៅពីនេះរាជរដ្ឋាភិបាល ក៏គិតគូរដល់ការររៀបចំកម្លាំងពលកម្មឲ្យឆ្លើយតបកាន់តែប្រសើរ ទៅនឹងការផ្លាស់ប្ដូរនៃនិម្មាបនកម្មសេដ្ឋកិច្ច, តម្រូវការទីផ្សារការងារ និងបច្ចេកវិទ្យាឌីជីថល តាមរយៈការផ្លាស់ប្តូរជំនាញ និងការបង្កើនជំនាញ និងការលើកកម្ពស់សុខភាពសាធារណៈ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្របខ័ណ្ឌអភិវឌ្ឍន៍មូលធនមនុស្ស រាជរដ្ឋាភិបាលបាននិងកំពុងលើក​កម្ពស់​គុណភាព នៃការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ, ការអភិវឌ្ឍជំនាញ ទាំងជំនាញរឹង និងជំនាញទន់, ការរៀបចំកម្លាំងពលកម្មឲ្យឆ្លើយតបកាន់តែប្រសើរ ទៅនឹងការផ្លាស់ប្ដូរនៃនិម្មាបនកម្មសេដ្ឋកិច្ច, តម្រូវការទីផ្សារការងារ និងបច្ចេកវិទ្យាឌីជីថល តាមរយៈការផ្លាស់ប្តូរជំនាញ និងការបង្កើនជំនាញ និងការលើកកម្ពស់សុខភាពសាធារណៈ»។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី, រាជរដ្ឋាភិបាល ក៏កំពុងកែលម្អលក្ខខណ្ឌការងារ, ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន តាមរយៈការកែទម្រង់ស្ថាប័ន និង​អភិបាល​កិច្ច, ការលើកកម្ពស់គុណាធិបតេយ្យ និងការកែសម្រួលប្រព័ន្ធលើកទឹកចិត្ត។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យបន្តលើកកម្ពស់ការអប់រំឌីជីថល ក្នុងបរិការណ៍នៃ​បដិវត្តឧស្សាហកម្ម៤.០ តាមរយៈការកែលម្អវេទិកាឌីជីថល និងបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល, ការ​ផលិតវីដេអូបង្រៀនមុខវិជ្ជាគោល និងសម្រាប់ថ្នាក់ប្រឡង, ការបញ្ចូលបច្ចេក​វិទ្យាឌីជីថលទៅ​ក្នុង​ការរៀន និងការបង្រៀន, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល នៅតាមសាលារៀន និងការ​បង្កើតកម្មវិធីអប់រំឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច​ជាតិ, បរិវត្តកម្មបច្ចេកវិទ្យា និងការផ្លាស់ប្តូរនិម្មាបនកម្មសកល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យបន្តយកចិត្តទុកដាក់ខ្ពស់​លើ​ការ​​អភិវឌ្ឍមូលធនមនុស្ស ឲ្យឆ្លើយតបកាន់តែប្រសើរ ទៅនឹងការកើនឡើងនៃការប្រកួត​ប្រជែងក្នុង​ទីផ្សារការងារ ព្រមទាំងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាពិសេស ក្នុងបរិការណ៍នៃការប្រកួត​ប្រជែង​លើគ្រប់​ទិដ្ឋភាព, ទាំងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ក៏ដូចជាការរីកលូតលាស់យ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា, ការអភិវឌ្ឍវិស័យសង្គមសេដ្ឋកិច្ច ដែលលម្អៀងទៅរក​ការប្រើ​ប្រាស់​បច្ចេកវិទ្យា និងការផ្លាស់ប្តូរនិម្មាបនកម្មសកល ក្នុងគោលបំណងចម្បងបង្កើនភាពធន់ និងកសាងសង្គមសេដ្ឋកិច្ចឌីជីថលរឹងមាំ៕