វិចារណកថា ៨ ” ធម្មជាតិ គឺជាគ្រូបង្រៀនដ៏អស្ចារ្យបំផុតរបស់យើង “


គំនិតផ្តើម

«ធម្មជាតិបង្រៀនយើងយ៉ាងស្ងៀមស្ងាត់ ប៉ុន្តែមេរៀនទាំងនោះអាចចង្អុលបង្ហាញផ្លូវសម្រាប់ជីវិតយើងទាំងមូល»

វិចារណកថា

ថ្នាក់រៀនខ្លះមានជញ្ជាំង តុ និងក្ដារខៀន ប៉ុន្តែថ្នាក់រៀនរបស់ធម្មជាតិមានពពក ឫសឈើ សត្វបក្សី ពន្លឺព្រះអាទិត្យ និងតំណក់ទឹកភ្លៀង។ មេរៀនទាំងឡាយតែងតែមានវត្តមានជានិច្ច ប៉ុន្តែជារឿយៗ យើងបែរជាមើលរំលង។

គ្រាប់ពូជបង្រៀនយើងពីការអត់ធ្មត់៖ គ្រាប់ពូជមិនអាចក្លាយជាដើមឈើធំក្នុងរយៈពេលតែមួយថ្ងៃនោះទេ។ ដោយលាក់ខ្លួននៅក្រោមដី វាកំពុងចាប់ផ្តើមការផ្លាស់ប្តូរបន្តិចម្ដងៗដែលភ្នែកយើងមើលមិនឃើញ។ ការលូតលាស់ត្រូវការពេលវេលា ដីមានជីជាតិ និងលក្ខខណ្ឌត្រឹមត្រូវ។ នៅពេលដែលការរីកចម្រើនរបស់ខ្លួនយើងមើលទៅយឺតយ៉ាវ គ្រាប់ពូជរំលឹកយើងថា កិច្ចខិតខំប្រឹងប្រែងដែលមើលមិនឃើញ ក៏នៅតែជាការខិតខំប្រឹងប្រែងពិតប្រាកដដែរ។

ទន្លេបង្រៀនពីដំណើរដែលហូរទៅ៖ វាជួបប្រទះនឹងថ្ម ហើយបត់បែនជុំវិញថ្មទាំងនោះ។ វាអាចហូរយឺតនៅកន្លែងមួយ និងហូរលឿននៅកន្លែងមួយទៀត ប៉ុន្តែវានៅតែបន្តដំណើរទៅមុខជានិច្ច។ នេះមិនមែនមានន័យថា យើងត្រូវតែទទួលយកគ្រប់ឧបសគ្គនោះទេ ប៉ុន្តែវាបង្ហាញថា “ភាពរឹងមាំ” អាចរួមបញ្ចូលទាំង “ភាពបត់បែន” ផងដែរ។

ព្រៃឈើបង្រៀនយើងពីសហគមន៍៖ ដើមឈើខ្ពស់ៗ រុក្ខជាតិតូចៗ ផ្សិត សត្វល្អិត បក្សាបក្សី និងសារពាង្គកាយតូចៗរាប់មិនអស់ រស់នៅក្នុងទីកន្លែងតែមួយ។ ពួកវាមិនបានបំពេញតួនាទីដូចគ្នារហូតនោះទេ។ ភាពខុសគ្នារបស់ពួកវាបានជួយឱ្យប្រព័ន្ធទាំងមូលមានជីវិតរស់រវើក។ សហគមន៍មនុស្សក៏កាន់តែរឹងមាំផងដែរ នៅពេលដែលមនុស្សម្នាក់ៗចូលរួមជាមួយសមត្ថភាពខុសៗគ្នា ដោយមានការគោរពគ្នាទៅវិញទៅមក។

ធម្មជាតិមិនមែនជាគ្រូបង្រៀនផ្នែកសីលធម៌ដ៏ឥតខ្ចោះនោះទេ។ ព្យុះអាចបំផ្លាញអ្វីៗបាន។ សត្វមួយអាចដេញប្រមាញ់សត្វមួយទៀត។ យើងមិនអាចបកស្រាយ ឬយកតម្រាប់តាមគ្រប់យ៉ាងដែលកើតឡើងក្នុងព្រៃនោះទេ។ ផ្ទុយទៅវិញ យើងសង្កេតដោយយកចិត្តទុកដាក់ និងត្រិះរិះពិចារណាដោយប្រាជ្ញា។ ធម្មជាតិផ្តល់ឱ្យនូវ “គំរូ” មិនមែនជា “បទបញ្ជា” នោះទេ។

ដើម្បីរៀនសូត្រពីធម្មជាតិ យើងត្រូវរៀនពិនិត្យពិច័យដោយសន្សឹមៗ។ សិស្សដែលអង្គុយស្ងៀមនៅក្រោមដើមឈើ អាចកត់សម្គាល់ឃើញស្រមោលនៃម្លប់ផ្លាស់ទីលើដី សត្វល្អិតក្រេបផ្កា ឬស្លឹកឈើក្រៀមជ្រុះក្លាយជាផ្នែកមួយនៃដី។ ការសង្កេតទាំងនេះដាស់នូវសំណួរជាច្រើន។ សំណួរនាំទៅរកចំណេះដឹង ហើយចំណេះដឹងនឹងនាំអ្នកទៅកាន់ភាពកោតសរសើរ និងកាន់តែគោរពយ៉ាងជ្រាលជ្រៅចំពោះធម្មជាតិ។

បច្ចេកវិទ្យា និងសៀវភៅអាចជួយឱ្យយើងយល់ពីអ្វីដែលយើងឃើញ ប៉ុន្តែបទពិសោធន៍ផ្ទាល់ គឺនឹងចាក់ដោតដល់ “បេះដូង” យើង។ ឃ្លាដែលថា «ដើមឈើផ្តល់ជម្រក» កាន់តែមានន័យជ្រាលជ្រៅ បន្ទាប់ពីបានឃើញបក្សីពាំស្មៅមកធ្វើសំបុកលើមែកឈើ។ ឃ្លាដែលថា «ដីរក្សាជីវិត» នឹងក្លាយជាអ្វីដែលមិនអាចបំភ្លេចបាន បន្ទាប់ពីបានឃើញកូនឈើតូចមួយលូតលាស់ចេញពីដី។

គ្រូបង្រៀនដ៏អស្ចារ្យបំផុត មិនដែលទាមទារប្រាក់កម្រៃឡើយ។ ធម្មជាតិទាមទារត្រឹមតែការយកចិត្តទុកដាក់ និងការគោរពប៉ុណ្ណោះ។ មេរៀនរបស់វាអាចធ្វើឱ្យយើងមានចិត្តអត់ធ្មត់ ពូកែសង្កេត ចេះបន្ទាបខ្លួន និងដឹងគុណ។ នៅពេលដែលយើងចូលទៅជិតពិភពរស់រវើកក្នុងនាម “ដើម្បីរៀនសូត្រ” ជាជាង ក្នុងនាម “ធ្វើជាម្ចាស់” នោះរាល់សួនច្បារ ស្រះទឹក វាលស្រែ និងដើមឈើតាមដងផ្លូវ សុទ្ធតែអាចក្លាយជាកន្លែងដែលយើងអាចរៀនសូត្របានពីធម្មជាតិទាំងនោះ។

ថ្ងៃនេះ សូមឱ្យយើងចូលទៅក្នុងថ្នាក់រៀននោះ។ មេរៀនអាចជារឿងសាមញញៗ-ស្លឹកឈើមួយសន្លឹកនឹងបង្រៀនយើងពីរបៀបទទួលយកពន្លឺ ឬពពកមួយដុំនឹងរំលឹកយើងថា អ្វីៗទាំងអស់តែងតែផ្លាស់ប្តូរ។ ប្រសិនបើបេះដូងរបស់យើងមានការយកចិត្តទុកដាក់ ធម្មជាតិគឺតែងតែនៅទីនោះដើម្បីអោយយើងរៀនសូត្រជានិច្ច។

ការពិចារណាតាមបែបព្រះពុទ្ធសាសនា

ការសង្កេតដោយមានសតិ គឺជាផ្លូវនាំទៅរកបញ្ញា។ ព្រះពុទ្ធសាសនាបណ្តុះស្មារតីឱ្យយើងមើលឃើញពីការប្រែប្រួល ការពឹងផ្អែកគ្នា និងច្បាប់នៃហេតុនិងផលតាមរយៈបទពិសោធន៍ផ្ទាល់។ ធម្មជាតិធ្វើឱ្យការពិតទាំងនេះស្តែងចេញមកយ៉ាងច្បាស់៖ ផ្ការីកហើយក៏ស្វិតស្រពោន រដូវកាលកន្លងផុតទៅ ហើយជីវិតកើតឡើងតាមរយៈបច្ច័យ(លក្ខខណ្ឌ)។ ការសង្កេតដោយយកចិត្តទុកដាក់ អាចពង្រឹងទាំងប្រាជ្ញា និងភាពទន់ភ្លន់នៅក្នុងខ្លួន។

ការពិចារណាសម្រាប់ថ្ងៃនេះ

តើមេរៀនអ្វីខ្លះដែលខ្ញុំបានរៀនសូត្រពីការសង្កេតរុក្ខជាតិ សត្វ រដូវកាល ឬទេសភាពធម្មជាតិ?

សកម្មភាពសម្រាប់ថ្ងៃនេះ

ចំណាយពេល ១០ នាទីដោយស្ងប់ស្ងាត់នៅក្រៅផ្ទះក្នុងទីតាំងដែលមានសុវត្ថិភាព។ សរសេរនូវអ្វីដែលអ្នកកត់សម្គាល់ឃើញចំនួន ៣ យ៉ាង និងមេរៀនមួយដែលអ្វីទាំងនោះបានផ្តល់ឱ្យ។

ការប្តេជ្ញាចិត្តសម្រាប់ថ្ងៃនេះ

ថ្ងៃនេះ ខ្ញុំនឹងចូលទៅជិតធម្មជាតិដោយក្តីយកចិត្តទុកដាក់ ការគោរព និងភាពទន់ភ្លន់ដូចជាសិស្សម្នាក់។

«នៅពេលយើងការពារធម្មជាតិ គឺយើងកំពុងការពារសព្វសត្វទាំងអស់—រួមទាំងខ្លួនយើងផងដែរ»