(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ដោយសង្កត់ធ្ងន់ថា សញ្ញាបត្រ និងកម្រិតពិន្ទុនៃការសិក្សា មិនមែនជាកត្តាកំណត់ភាពជោគជ័យទាំងស្រុងសម្រាប់ការងារ និងជីវិតនោះទេ គឺយើងត្រូវមានសមត្ថភាពជាក់ស្តែង បទពិសោធន៍ ការតស៊ូព្យាយាម ភាពច្នៃប្រឌិត ទើបជាកត្តាកំណត់ភាពជោគជ័យបាន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតបញ្ចប់ការសិក្សា និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «សាលាមិនមែនតែជាមជ្ឈមណ្ឌលដើម្បីផ្តល់សញ្ញាបត្រ ឫមួយផ្តល់ពិន្ទុល្អឱ្យសិស្សនោះទេ, ប៉ុន្តែសាលាគួរតែជាកន្លែងដាក់នូវរបៀបបង្រៀន និងលក្ខខណ្ឌបែបណាដើម្បីសិស្សយកសញ្ញាបត្រនោះ បូកជាមួយនឹងជំនាញដែលគាត់បានពិន្ទុប៉ុន្មានក៏ដោយ ចេញទៅវិញគឺរបៀបរបបនៃការយកពិន្ទុ និងចំណេះរបស់គាត់នេះច្បាស់លាស់ បើគាត់ពឹងតែ AI ហើយយើងឱ្យគាត់ជាប់ដែរនោះ គាត់ទៅធ្វើការគឺអត់ទេ ហើយកុំភ្លេចថា បើសិស្សម្នាក់ៗចេញទៅអត់ច្បាស់លាស់ ប្រទេសជាតិ នឹងមានធន់ធានមនុស្សលំបាក»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមើលឃើញថា ការរៀបចំស្ថាប័នគ្រប់គ្រងទាំងអស់ គឺវិស័យឯកជន និងសាលារដ្ឋទាំងអស់បានពង្រឹងការស្រាវជ្រាវបន្ថែមច្រើន ប៉ុន្តែអ្វីដែលយើងយកជាចំណេះដឹង និងបំណិននេះមក សូមគិតពីលក្ខខណ្ឌ និងរបៀបរបបក្នុងការបង្រៀន ដើម្បីធានាថា ពេលសិស្សចេញទៅគឺមានទាំងចំណេះដឹង និងបំណិនច្បាស់លាស់ បូកជាមួយនឹងឥរិយាបថ ជាពិសេសតម្លៃនៃការប្រកួតប្រជែង និងតម្លៃនៃសមត្ថភាពពិត, សម្តេចបញ្ជាក់ថា បានសញ្ញាបត្រ និង GPA មិនប្រាកដថាជួយយើងបាននោះទេ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អ្វីដែលសំខាន់សម្រាប់និស្សិត គឺនៅពេលទទួលសញ្ញាបត្រហើយ ត្រូវប្រែក្លាយឱ្យទៅជាសញ្ញាឃើញពិតប្រាកដ ហើយចំណេះដឹង និងបំណិនត្រូវឱ្យច្បាស់លាស់មួយៗ កុំបាច់ចេះច្រើនពេក គឺត្រូវចេះមួយៗឱ្យពិតប្រាកដដែលអាចយកទៅប្រើបាន ហើយជួយពង្រីកខ្លួនយើងបានបន្ថែមទៀត។
សម្តេចធិបតី ក៏បានបញ្ជាក់ថា ទោះបីជាការអប់រំ និងសញ្ញាបត្រមានសារៈសំខាន់ជាមូលដ្ឋានគ្រឹះក៏ដោយ ក៏សមត្ថភាពជាក់ស្តែង បទពិសោធន៍ ការតស៊ូព្យាយាម ភាពច្នៃប្រឌិត ជំនាញទន់ និងឥរិយាបថវិជ្ជមាន គឺជាកត្តាគន្លឹះដែលរួមចំណែកយ៉ាងធំធេងដល់ភាពជោគជ័យក្នុងអាជីព និងជីវិតរស់នៅប្រចាំថ្ងៃ។ ការអភិវឌ្ឍខ្លួនឯងជាបន្តបន្ទាប់ ការត្រៀមខ្លួនរៀនសូត្រពីបទពិសោធន៍ និងការសម្របខ្លួនទៅនឹងបរិបទថ្មីៗ គឺជាអ្វីដែលចាំបាច់សម្រាប់បុគ្គលម្នាក់ៗ ដើម្បីឈានទៅរកភាពជោគជ័យប្រកបដោយចីរភាព៕













































