ឯកឧត្តម លុយ ដាវីដ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋបារាំង តំណាងឱ្យឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើផែនការសកម្មភាពគាំទ្រការអប់រំភាសាបារាំងរយៈពេល ៥ឆ្នាំនៅព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Désiré Nyaruhirira ទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការ OIF និងជាតំណាងស្ដីទីនៃស្ថានតំណាងអង្គការ OIF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ផែនការសកម្មភាពក្រោមកិច្ចសហប្រតិបត្តិការរវាងអង្គការ OIF និងក្រសួងអប់រំ យុវជន និងកីឡានេះ ផ្ដោតសំខាន់លើការងារ៖ ១. ការពិនិត្យឡើងវិញនូវកម្មវិធីសិក្សាភាសាបារាំងសម្រាប់ថ្នាក់ទ្វេភាសាបារាំង-ខ្មែរ ជីវភាសាទី១ ជីវភាសាទី២ និងមុខវិជ្ជាវិទ្យាសាស្ត្រជាភាសាបារាំង។ ២. ការរៀបចំឡើងវិញនូវសៀវភៅសិក្សាគោលភាសាបារាំងសម្រាប់ថ្នាក់ទ្វេភាសាបារាំង-ខ្មែរ ជីវភាសាទី១ ជីវភាសាទី២ និងមុខវិជ្ជាវិទ្យាសាស្ត្រជាភាសាបារាំង។ ៣. ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនភាសាបារាំង និងមុខវិជ្ជាវិទ្យាសាស្ត្រជាភាសាបារាំង ក្នុងការប្រើប្រាស់សៀវភៅសិក្សាគោលថ្មី។ ៤. ការរៀបចំថ្នាលអភិវឌ្ឍសមត្ថភាពភាសាបារាំងលើថ្នាលអប់រំរបស់ OIF សម្រាប់គ្រូបង្រៀនកម្ពុជា។ ៥. ការរៀបចំកញ្ចប់អភិវឌ្ឍសមត្ថភាពភាសាបារាំងលើថ្នាលលើកកម្ពស់សមត្ថភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា និង ៦. ការបញ្ជូនគ្រូបង្រៀនភាសាបារាំងស្ម័គ្រចិត្តមកកម្ពុជា។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ ឆ្លុះបញ្ចាំងពីឆន្ទៈរួមរបស់កម្ពុជា និងអង្គការ OIF ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីលើកកម្ពស់ភាសាបារាំង ពង្រឹងគុណភាពនៃការបង្រៀន និងការរៀនភាសាបារាំង ព្រមទាំងអភិវឌ្ឍការអប់រំប្រកបដោយគុណភាព៕



