ខេត្តសៀមរាប មានបេក្ខជនប្រឡងបាក់ឌុបចំនួន ១១ ៤៨៦នាក់


ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួង និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តសៀមរាប ព្រមទាំងភាគីពាក់ព័ន្ធ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលប្រឡងវិទ្យាល័យ ១០មករា ១៩៧៩ ក្រុងសៀមរាប។

ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ លើកទឹកចិត្តដល់បេក្ខជនទាំងអស់ ដែលមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវខិតខំធ្វើនូវរាល់វិញ្ញាសាប្រឡង និងផ្ទៀងផ្ទាត់ឲ្យបានហ្មត់ចត់ មុននឹងប្រគល់ជូនទៅលោកគ្រូ អ្នកគ្រូ។ ជាពិសេស សូមកុំមានការភិតភ័យ និងធ្វើតាមសមត្ថភាពរបស់យើង។

ឯកឧត្តមបានបន្តថា តាមរយៈការចង្អុលបង្ហាញពីសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាក្រសួងអប់រំ រដ្ឋបាលខេត្តក៏បានផ្សព្វផ្សាយជាច្រើនអំពី «ជំនាញបច្ចេកទេស» នៅតាមផ្ទាំងប៉ាណូ តាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប។​ ក្នុងនោះដែរ ខេត្តសៀមរាប មានវិទ្យាស្ថានបច្ចេកទេស ចំនួន២ គឺវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រសិនបើប្អូនៗសិសសានុសិស្សចាប់អារម្ភណ៍ អាចដាក់ពាក្យចូលរៀនបាន។

ឯកឧត្តមបញ្ជាក់ថា កន្លងមករហូតដល់ឆ្នាំ២០២៤ រដ្ឋបានខេត្តបានជូនម៉ូតូ ១គ្រឿងដល់សិស្សនិទ្ទេស ( A ) ប៉ុន្តែឆ្នាំ២០២៥កន្លងទៅនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារចុះជួយខេត្តសៀមរាប លោកបានជូនថវិកា ១០០០ដុល្លារដល់សិស្សនិទ្ទេស (A) ហើយក៏មានថវិកាជូនសិស្សនិទ្ទេស (B)ផងដែរ។

ឯកឧត្តមបន្តថា ដោយសារកន្លងមកសិស្សនិទ្ទេស (B) ពុំដែលទទួលបានអ្វី ប៉ុន្តែសិស្សនិទ្ទេស (B) ក៏សំខាន់ផងដែរ។ ដោយសិស្សនិទ្ទេស (A) មានចំនួនពី ១០០នាក់ ទៅ២០០នាក់ជាង តាំងពីដើមមកហើយ ប៉ុន្តែសិស្សនិទ្ទេស (B) គឺមានរាប់ពាន់នាក់។ ជាការមើលឃើញរបស់សម្តេចពិជ័យសេនា ទៀ បាញ់ និងឧបនាយករដ្ឋមន្រ្តី ទៀ សីហា លោកបានណែនាំឲ្យរៀបចំជាអំណោយលើកទឹកចិត្តជូននិទ្ទេស (A) និងនិទ្ទេស (B)។

ឯកឧត្តមបន្ថែមថា រដ្ឋបាលខេត្ត តាមរយៈការយកចិត្តទុកដាក់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមតែងតែណែនាំឲ្យមើលទៅលើគ្រួសារដែលខ្វះខាត នៅពេលដែលគាត់ប្រឡងជាប់ ទោះមាននិទ្ទេសអ្វីក៏ដោយ ព្រមទាំងសិស្សដែលប្រឡងមិនជាប់ និងមិនមានសមត្ថភាពរៀនបន្ត ត្រូវជំរុញឲ្យរៀនលើជំនាញបច្ចេកទេស។ ក្នុងនោះ សិស្សដែលប្រឡងនិទ្ទេសផ្សេងៗ ក៏មានអាហាររូបករណ៍ផងដែរ តែមិនមែនទាំងអស់នោះទេ គឺសម្រាប់សិស្សនុសិស្សដែលមានជីវភាពខ្វះខាត។

ឯកឧត្តម ប្រាក់ សោភ័ណ បញ្ជាក់ថា អាហាររូបករណ៍មានច្រើន មានទាំងក្នុងប្រទេស​និងប្រទេស នៅក្នុងប្រទេសមានតាមរយៈឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងតាមរយៈ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសកលវិទ្យាល័យផ្សេងៗ។ ដោយឡែក នៅក្រៅប្រទេស៖ មានប្រទេសចិន និងប្រទេសកូរ៉េមួយចំនួន។

ឯកឧត្តមបណ្ឌិត សោម រតនា បានលើកឡើងថា​ សម្រាប់ការរៀបចំធ្វើវិញ្ញាសា, ការវេចខ្ចប់វិញ្ញាសា និងការដឹកជញ្ជូនវិញ្ញាសា គឺធ្វើឡើងដោយមានភាគីពាក់ព័ន្ធជាច្រើន ជាពិសេស មានការចូលរួមពីអង្គការភាពប្រឆាំងអំពើពុករលួយ និងអ្នកសង្កេតការណ៍ផ្សេងៗ គឺមានភាពសុក្រិត និងច្បាស់លាស់។ ដោយឡែក ចំពោះការបើកវិញ្ញាសានៅថ្ងៃនេះដែរ ក៏មានការចូលរួមគ្រប់ភាគីពាក់ព័ន្ធផងដែរ ដើម្បីផ្តល់ភាពសុក្រិតជូនដល់ប្អូនៗសិស្សនុសិស្ស។

សូមជម្រាបថា ខេត្តសៀមរាប មានមណ្ឌលប្រឡងចំនួន ១៦មណ្ឌល ដោយមានបន្ទប់ប្រឡងចំនួន ៤៦៣បន្ទប់ និងមានបេក្ខជនចំនួន ១១ ៤៨៦នាក់ ស្រី ៦ ៨១២នាក់។ បេក្ខជននោះមាន ៥ប្រភេទ គឺបេក្ខជនចំណេះទូទៅចំនួន ១០ ៥៩៣នាក់, បេក្ខជនស្វៃរិនចំណេះទូទៅ ៦០៤នាក់, បេក្ខជនបំពេញវិជ្ជា ១៥៧នាក់, បេក្ខជនស្វៃរិនបំពេញវិជ្ជា ១២៥នាក់ និងបេក្ខជនអប់រំពិសេស ៧នាក់ផងដែរ៕