ខេត្តកោះកុង មានបេក្ខជនប្រឡងបាក់ឌុបចំនួន ១.២៥៥នាក់


លោកជំទាវ ឈីវ វ៉ា អភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំ២០២៦ ដែលបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទូទាំងខេត្តកោះកុង។

ការរៀបចំដំណើរការប្រឡងឆ្នាំនេះ ត្រូវបានធ្វើឡើងយ៉ាងល្អិតល្អន់ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងគណៈកម្មការមេប្រយោគគ្រប់លំដាប់ថ្នាក់ ស្របតាមគោលការណ៍របស់ក្រសសួងអប់រំ។ បរិយាកាសទូទៅនៅតាមមណ្ឌលប្រឡងទាំង៣ ក្នុងខេត្តកោះកុង មានភាពស្ងប់ស្ងាត់ល្អប្រសើរ ១០០% ដោយមានការធានាទាំងកត្តាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់។

ក្នុងព្រឹត្តិការណ៍ប្រឡងនេះ ពុំមានហេតុការណ៍គួរឲ្យកត់សម្គាល់ ឬភាពមិនប្រក្រតីណាមួយកើតឡើងឡើយ ដែលបានបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាភាពយុត្តិធម៌ តម្លាភាព និងគុណភាពនៃការប្រឡង។

សម្រាប់សម័យប្រឡងឆ្នាំ២០២៦នេះ ខេត្តកោះកុងបានរៀបចំមណ្ឌលប្រឡងចំនួន ៣ រួមមាន៖ មណ្ឌលវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសតេជោហ៊ុន សែនកោះកុង មណ្ឌលអនុវិទ្យាល័យស្មាច់មានជ័យ និងមណ្ឌលសាលាបឋមសិក្សាទីរួមខេត្ត។ សរុបបេក្ខជនទាំងអស់មានចំនួន ១.២៥៥ នាក់ ក្នុងនោះស្រី ៧០១ នាក់។

ក្នុងឱកាសនោះ លោកជំទាវ ឈីវ វ៉ា ក៏បានធ្វើការផ្តាំផ្ញើដល់បេក្ខជនទាំងអស់ ឱ្យយកចិត្តទុកដាក់ក្នុងការប្រឡងដោយស្មារតីខ្ពស់ កុំមានការភិតភ័យ ព្រោះនេះជាលទ្ធផលនៃការខិតខំសិក្សារយៈពេល ១២ ឆ្នាំកន្លងមក។ លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា បើប្អូនៗមានចំណេះដឹង និងធនធានមនុស្ស យើងនឹងក្លាយជាទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិ និងក្រុមគ្រួសារ។

លោកជំទាវបានបញ្ជាក់ថា សិស្សនិទ្ទេស A នឹងទទួលបានការឧបត្ថម្ភពីសម្ដេចពិជ័យសេនា ទៀ បាញ់ ផងដែរ៕