បេក្ខជនសរុបចំនួន ៩.៩៩១ នាក់ ស្រី ៥.៥៤៦ នាក់ បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដែលប្រព្រឹត្តទៅនាថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ នៅទូទាំងខេត្តព្រៃវែង។
ពិធីកាត់វិញ្ញាសារប្រឡងបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំង ប្រទេសប្រចាំខេត្តព្រៃវែង នៅសាលាបឋមសិក្សាសម្ដេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើដល់គណៈមេប្រយោគ និងអនុរក្សទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តន៍គោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាឲ្យការប្រឡងប្រព្រឹត្តទៅដោយតម្លាភាព យុត្តិធម៌ និងគុណភាពខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់បេក្ខជន បេក្ខនារីទាំងអស់ ឲ្យខិតខំប្រឹងប្រែងធ្វើឱ្យអស់លទ្ធភាព ថែទាំសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ និងជូនពរឲ្យប្រឡងជាប់បាននិទ្ទេសល្អគ្រប់ៗគ្នា ដើម្បីក្លាយជាសសរទ្រូងលើកស្ទួយកិត្តិយសជូនសាលារៀន សង្គម គ្រួសារ និងប្រទេសជាតិ។
សូមបញ្ជាក់ថា ខេត្តព្រៃវែងបានរៀបចំមណ្ឌលប្រឡងសរុបចំនួន ១៧ មណ្ឌល ស្មើនឹង ៤០២ បន្ទប់ ដែលក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រ ៣ មណ្ឌល ស្មើនឹង ៧៩ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ១៤ មណ្ឌល ស្មើនឹង ៣២៣ បន្ទប់។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខេត្តក៏បានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី ដែលបានឧបត្ថម្ភទឹកបរិសុទ្ធចំនួន ១.០០០ កេស សម្រាប់ផ្ដល់ជូនបេក្ខជនមកប្រឡងទាំង ២ ថ្ងៃ នៅគ្រប់មណ្ឌលទូទាំងខេត្តព្រៃវែង។ ការរៀបចំប្រឡងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា៕

























