សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតចូលរួមអបអរសាទរជូនចំពោះ លោក Prabowo Subianto ប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៨១ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋឥណ្ឌូនេស៊ី។
តាមរយៈសារលិខិត សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា៖ «ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរដ៏កក់ក្តៅបំផុត និងសូមជូនសព្ទសាធុការពរ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជនជាទីរាប់អាននៃឥណ្ឌូនេស៊ី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៨១ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋឥណ្ឌូនេស៊ី។
ថ្ងៃដ៏មាននក្ខត្តឫក្សនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត សម្រាប់ប្រទេសឥណ្ឌូនេស៊ី ក្នុងសម័យទំនើប ដែលជាសក្ខីភាពនៃសមិទ្ធផលរបស់ប្រទេសជាតិ ដែលមិនត្រឹមតែកើតចេញពីផ្លែផ្ការបស់ប្រជាជនដែលឧស្សាហ៍ព្យាយាមប៉ុណ្ណោះទេ ប៉ុន្តែកើតចេញពីកិច្ចខិតខំប្រឹងប្រែងដ៏ខ្ពង់ខ្ពស់របស់រដ្ឋបុរស ប្រកបដោយចក្ខុវិស័យផងដែរ។ ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម ប្រទេសឥណ្ឌូនេស៊ីនឹងបន្តរីកចម្រើនរហូតដល់ក្លាយជាប្រទេសដែលកាន់តែទំនើប និងរុងរឿង។
ដោយទទួលស្គាល់ពីទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសយើងទាំងពីរ ខ្ញុំសូមអះអាងជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ខ្ញុំក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរបស់យើងបន្ថែមទៀត ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន យើងទាំងពីរ និងដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក។
ជាថ្មីម្តងទៀត សូមឯកឧត្តម ទទួលនូវសេចក្ដីរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ និងសូមប្រសិទ្ធពរជូនឯកឧត្តម សូមបន្តមានសុខភាពល្អ សុភមង្គល និងជោគជ័យ ក៏ដូចជាសុខុមាលភាព និងវិបុលភាពសម្រាប់ប្រជាជនឥណ្ឌូនេស៊ីទាំងមូល»៕



