សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារលិខិតរំលែកទុក្ខ ជូនលោកជំទាវ ហាក់ គា និងក្រុមគ្រួសារ ចំពោះមរណភាពឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ និងជាសមាជិកក្រុមសមាជិកប្រចាំភូមិភាគទី៦នៃព្រឹទ្ធសភា នីតិកាលទី៥។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារថា៖ «ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីតក់ស្លុត និងនឹកស្តាយស្រងោចចិត្តឥតឧបមា ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការ ទី៩ និងជាសមាជិកក្រុមសមាជិកប្រចាំភូមិភាគទី៦នៃព្រឹទ្ធសភា នីតិកាលទី៥ ដែលត្រូវជាស្វាមីជាទីស្រឡាញ់ របស់លោកជំទាវ បានទទួលមរណភាពនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏សោកសង្រេងនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏សោកស្តាយស្រណោះ អាឡោះអាល័យជាពន់ពេក ចំពោះមរណភាពរបស់ឯកឧត្តម ទឹម ផន ដែលជាការបាត់បង់ដ៏ធំធេងនូវស្វាមី បិតា ជីតា សាច់ញាតិ និងពលរដ្ឋខ្មែរដ៏ល្អមួយរូប ព្រមទាំងសហសេវិកដ៏ឆ្នើមមួយរូប ដែលបានលះបង់ស្ទើរពេញមួយជីវិតរបស់ឯកឧត្តម ក្នុងការបម្រើជាតិ និងប្រជាជន។
យើងខ្ញុំទាំងអស់គ្នា ចងចាំជានិច្ចនូវការចូលរួមវិភាគទានដ៏ថ្លៃថ្លារបស់ឯកឧត្តម ក្នុងវិស័យសំខាន់ៗ ក្នុងដែនសមត្ថកិច្ចរបស់ គណៈកម្មការទី៩នៃព្រឹទ្ធសភា ដែលបានពង្រឹង និងពន្លឿនការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល ឆ្លើយតបនឹងបញ្ហាកំពុងប្រឈមចំពោះមុខ ជាពិសេស ជវភាពនៃការវិវត្តបច្ចេកវិទ្យាព័ត៌មានថ្មីៗ រួមមាន ការពន្លឿននីតិកម្មនៃការធ្វើបរិវត្តកម្ម និងនវានុវត្តន៍បច្ចេកវិទ្យាព័ត៌មាន ដែលជាមូលដ្ឋានគ្រឹះដ៏ចាំបាច់មួយជាជន្ទល់នៃកំណើនសេដ្ឋកិច្ចជាតិឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ទឹម ផន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕


