ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ណែនាំឱ្យរៀបចំជាក្រុមតាមខ្សែច្រវាក់ផលិតកម្ម ផលិតផល៦មុខ ជំរុញឱ្យខេត្តកំពង់ធំ ជាទីតាំងធ្វើកសិកម្ម​ផ្តល់ប្រាក់ចំណេញខ្ពស់


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ​បានណែនាំឱ្យរៀបចំជាក្រុមតាមខ្សែច្រវ៉ាក់ផលិតកម្មសម្រាប់ផលិតផលកសិកម្មសំខាន់ៗចំនួន ៦ មុខ រួមមាន ស្រូវ ស្វាយចន្ទី ដំឡូងមី កៅស៊ូ វារីវប្បកម្ម និងការចិញ្ចឹមសត្វ​ ដើម្បីជំរុញឱ្យខេត្តកំពង់ធំ ក្លាយជាទីតាំងធ្វើកសិកម្មដែលផ្តល់ប្រាក់ចំណេញខ្ពស់ ផលិតភាពខ្ពស់ និងងាយរកទីផ្សារ។

ឯកឧត្តមឧនាយករដ្ឋមន្ត្រីប្រចាំការ​ ណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីបើក និងដឹក​នាំ​សិក្ខាសាលាពិគ្រោះយោបល់ស្តីពី​ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០​ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះដែរថា ឯកឧត្តមឧនាយករដ្ឋមន្ត្រីប្រចាំការ​ បានគូសបញ្ជាក់អំពីទិដ្ឋភាពគន្លឹះចំនួន ៥ សម្រាប់អ្នកពាក់ព័ន្ធ ធ្វើការពិភាក្សា​។ ក្នុងនោះរួមមានការកំណត់ផលិតផលយុទ្ធសាស្ត្រ និងផលិតផល​សក្តានុពល សម្រាប់តំបន់នីមួយៗក្នុងខេត្ត ដោយគិតគូរពីលក្ខណៈភូមិសាស្ត្រ និងលទ្ធភាពចល័តកម្លាំងពលកម្ម ដើម្បីធានាប្រសិទ្ធភាពការងារ។ ​បន្ថែមពីនេះត្រូវកំណត់ឱ្យបានច្បាស់លាស់នូវឫសគល់នៃបញ្ហារាំងស្ទះសម្រាប់ផលិតផលនីមួយៗ ​និងត្រូវស្វែងរកចំណុចដែលតម្លៃបន្ថែមត្រូវបានបាត់បង់នៅក្នុងខ្សែចង្វាក់ផលិតកម្មទាំងមូល ដើម្បីដោះស្រាយបញ្ហាឱ្យចំគោលដៅ។

បន្ថែមពីនេះ ឯកឧត្តមបានសង្កត់ធ្ងន់លើការជ្រើសរើស និងផ្តល់អាទិភាពដល់ផលិតផលដែលមានសក្តានុពលទីផ្សារ សមត្ថភាពប្រកួតប្រជែង លទ្ធភាពបង្កើតតម្លៃបន្ថែម និងផលប៉ះពាល់ដល់ជីវភាពប្រជាជន។

ទន្ទឹមគ្នានេះ ​ឯកឧត្តមឧនាយករដ្ឋមន្ត្រីប្រចាំការ​ ​បានលើកទឹកចិត្តឱ្យមានការរៀបចំគម្រោងសាកល្បង (pilot project) ដើម្បីបង្ហាញពីផលិតផល ឬបច្ចេកទេសកសិកម្មថ្មីៗ ដែលអាចផ្តល់ប្រាក់ចំណេញខ្ពស់ជាងការធ្វើស្រូវ ឬជាផលិតផលបន្ថែមលើស្រូវផងដែរ៕