ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានណែនាំឱ្យរៀបចំជាក្រុមតាមខ្សែច្រវ៉ាក់ផលិតកម្មសម្រាប់ផលិតផលកសិកម្មសំខាន់ៗចំនួន ៦ មុខ រួមមាន ស្រូវ ស្វាយចន្ទី ដំឡូងមី កៅស៊ូ វារីវប្បកម្ម និងការចិញ្ចឹមសត្វ ដើម្បីជំរុញឱ្យខេត្តកំពង់ធំ ក្លាយជាទីតាំងធ្វើកសិកម្មដែលផ្តល់ប្រាក់ចំណេញខ្ពស់ ផលិតភាពខ្ពស់ និងងាយរកទីផ្សារ។
ឯកឧត្តមឧនាយករដ្ឋមន្ត្រីប្រចាំការ ណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីបើក និងដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនោះដែរថា ឯកឧត្តមឧនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់អំពីទិដ្ឋភាពគន្លឹះចំនួន ៥ សម្រាប់អ្នកពាក់ព័ន្ធ ធ្វើការពិភាក្សា។ ក្នុងនោះរួមមានការកំណត់ផលិតផលយុទ្ធសាស្ត្រ និងផលិតផលសក្តានុពល សម្រាប់តំបន់នីមួយៗក្នុងខេត្ត ដោយគិតគូរពីលក្ខណៈភូមិសាស្ត្រ និងលទ្ធភាពចល័តកម្លាំងពលកម្ម ដើម្បីធានាប្រសិទ្ធភាពការងារ។ បន្ថែមពីនេះត្រូវកំណត់ឱ្យបានច្បាស់លាស់នូវឫសគល់នៃបញ្ហារាំងស្ទះសម្រាប់ផលិតផលនីមួយៗ និងត្រូវស្វែងរកចំណុចដែលតម្លៃបន្ថែមត្រូវបានបាត់បង់នៅក្នុងខ្សែចង្វាក់ផលិតកម្មទាំងមូល ដើម្បីដោះស្រាយបញ្ហាឱ្យចំគោលដៅ។
បន្ថែមពីនេះ ឯកឧត្តមបានសង្កត់ធ្ងន់លើការជ្រើសរើស និងផ្តល់អាទិភាពដល់ផលិតផលដែលមានសក្តានុពលទីផ្សារ សមត្ថភាពប្រកួតប្រជែង លទ្ធភាពបង្កើតតម្លៃបន្ថែម និងផលប៉ះពាល់ដល់ជីវភាពប្រជាជន។
ទន្ទឹមគ្នានេះ ឯកឧត្តមឧនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តឱ្យមានការរៀបចំគម្រោងសាកល្បង (pilot project) ដើម្បីបង្ហាញពីផលិតផល ឬបច្ចេកទេសកសិកម្មថ្មីៗ ដែលអាចផ្តល់ប្រាក់ចំណេញខ្ពស់ជាងការធ្វើស្រូវ ឬជាផលិតផលបន្ថែមលើស្រូវផងដែរ៕








