ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការជាច្រើនរូប ដើម្បីពិនិត្យលើរបៀបវារៈសំខាន់ៗ រួមមាន៖ ការប្រកាសតែងតាំងមន្រ្តីរាជការថ្មី បទបង្ហាញស្តីពីវឌ្ឍនភាពគម្រោងជំរុញការតភ្ជាប់រចនាសម្ព័ន្ធច្រកទ្វារព្រំដែន (3CEP) និងការដោះស្រាយបញ្ហាប្រឈមលើការងារគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់ និងបញ្ហាពាក់ព័ន្ធផ្សេងៗ។
ថ្លែងក្នុងអង្គប្រជុំលោករដ្ឋមន្រ្តី បានសម្តែងការអបអរសាទរចំពោះមន្ត្រីដែលទើបទទួលបានការតែងតាំងថ្មី និងបានណែនាំឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងទិសដៅការងាររបស់ក្រសួង។
ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៦នេះ វិស័យសាធារណការ និងដឹកជញ្ជូន បានសម្រេចលទ្ធផលការងារជាច្រើនគួរឱ្យកត់សម្គាល់ រួមមានការបញ្ចប់ការងារជំរឿនថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង ការប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ផ្លូវថ្នល់ ការបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ និងការសម្ពោធកំណាត់ផ្លូវជាតិសំខាន់ៗជាច្រើន។
ក្រៅពីនេះ ក៏មានសមិទ្ធផលអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត ការចុះហត្ថលេខាលើកិច្ចសន្យាគម្រោងស្ពានកោះខ្សាច់ទន្លា និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ការដាក់ឱ្យប្រើប្រាស់បណ្ណបើកបរឌីជីថល និងការធ្វើសន្ធានកម្មសេវាសាធារណៈរវាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងអង្គភាពជំនាញទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងជំរុញលើកទឹកចិត្តឱ្យបន្តរួបរួមគ្នា និងខិតខំប្រឹងប្រែងបំពេញភារកិច្ចឱ្យខ្ជាប់ខ្ជួនបន្ថែមទៀត ដើម្បីសម្រេចទិសដៅការងាររួមរបស់ក្រសួង និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។ កិច្ចប្រជុំនេះបានបញ្ចប់ទៅដោយជោគជ័យ និងពោរពេញដោយស្មារតីសាមគ្គីភាព៕



















