អភិបាលខេត្តតាកែវ លើកទឹកចិត្តផលិតកម្មចំណីអាហារក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលពីបរទេស


នៅក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ចសិក្សាសហគ្រាសកែឆ្នៃ និងវេចខ្ចប់អាហាររបស់ក្រុមហ៊ុន «ណាប់ អេ ហ្វូនិងប៊ី» ក្នុងស្រុកបាទី នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានធ្វើការលើកទឹកចិត្តឲ្យក្រុមហ៊ុនវិចខ្ចប់ចំណីអាហារ បង្កើនការផលិតឲ្យបានច្រើន និងប្រកបដោយគុណភាពសំដៅធ្វើយ៉ាងណាឲ្យផលិតផលចំណីអាហារក្នុងស្រុក អាចធ្វើការផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក ហើយនឹងនាំទៅដល់ការកាត់បន្ថយការនាំចូលពីបរទេសថែមទៀតផង។

ឯកឧត្តមអភិបាលខេត្តតាកែវបានថ្លែងបន្តថា បច្ចុប្បន្ននេះប្រទេសកម្ពុជាជាពិសេសខេត្តតាកែ មានអ្នកវិនិយោគទុនជាច្រើនបានចូលមកបណ្ដាក់ទុនបង្កើតរោងចក្រ ដែលក្នុងនោះមានរោងចក្រផលិតចំណីអាហារ និងវេចខ្ចប់ចំណីអាហារថែមទៀតផង ដូច្នេះការផលិតសម្រាប់ការផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក ពិតមានសារៈសំខាន់ខ្លាំងណាស់ ព្រោះជាការលើកទឹកចិត្ត និងគាំទ្រដល់ការផលិតក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលពីបរទេសហើយជួយឲ្យសេដ្ឋកិច្ចជាតិរឹងមាំ បង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ និងធានាសុវត្ថិភាពចំណីអាហារផងដែរ។

ឯកឧត្តមអភិបាលខេត្តតាកែវ វ៉ី សំណាង បានបន្ដថា ដើម្បីឲ្យផលិតផលក្នុងស្រុកមានដំណើរការទៅមុខបានល្អប្រសើរ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ការយកចិត្តទុកដាក់លើការបង្កើនផលិតផលក្នុងស្រុក ប្រកបដោយគុណភាពខ្ពស់ ដើម្បីប្រកួតប្រជែងលើទីផ្សារក្នុងស្រុក និងអន្តរជាតិ ព្រមទាំងបានជួយស្វែងរកទីផ្សារនានា ដើម្បីលក់ផលិតផល និងបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យគាំទ្រ និងប្រើប្រាស់ និងទិញទំនិញផលិតផលក្នុងស្រុកឲ្យបានច្រើនថែមទៀតផងដែរ៕