រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញនាំយកទេយ្យទាន និងទៀនព្រះវស្សា ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តភ្នំហាន់ជ័យ ស្ថិតក្នុងស្រុកកំពង់សៀម និងវត្តសន្ធរង្សី ហៅវត្តអន្លង់សំឡី ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ពិធីនេះរៀបចំឡើងក្នុងបរិយាកាសប្រកបដោយសទ្ធាជ្រះថ្លា និងសាមគ្គីភាព ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយផងដែរ។
ទៀនព្រះវស្សា និងទេយ្យទានដែលបានប្រគេនព្រះសង្ឃក្នុងឱកាសនោះ ក្នុងមួយវត្តៗ មានដូចជា ទៀនក្បាច់មួយគូ, អង្ករ ១០០គីឡូក្រាម, ទឹកសុទ្ធ៥កេស, ភេសជ្ជៈ ៥កេស, ត្រីខ ១កេសធំ, ទឹកត្រី ៥យួរ,ទឹកស៉ីអ៉ីវ ៥យួរ, មីចំនួន ៥កេសតូច, ទឹកដោះគោខាប់ ១កេសធំ, ស្ករស ៥គីឡូក្រាម, តែ៥ គីឡូក្រាម និងបច្ច័យជាថវិកាមួយចំនួនផងដែរ។
ពិធីប្រគេនទេយ្យទាន និងទៀនព្រះវស្សានេះ ក៏ជាការបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តកំពង់ចាម ចំពោះវិស័យព្រះពុទ្ធសាសនា និងការរួមចំណែកថែរក្សាប្រពៃណីទំនៀមទម្លាប់ដ៏ល្អរបស់ប្រជាជនខ្មែរ ឲ្យបន្តស្ថិតស្ថេរគង់វង្សតទៅមុខ៕
















