សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកដំណើរទស្សនកិច្ចរបស់នាយកសាកលវិទ្យាល័យការបរទេសចិននៅកម្ពុជា ជាផ្នែកនៃការលើកកម្ពស់ទំនាក់ទំនងមិត្តភាពដែកថែបកម្ពុជា-ចិន


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រតិភូសាកលវិទ្យាល័យកិច្ចការបរទេសចិន មកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺជាផ្នែកមួយក្នុងការលើកកម្ពស់ចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

នៅក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ កាវ ហ្វៃ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យលោកក៏ដូចជាប្រតិភូរបស់សាកលវិទ្យាល័យកិច្ចការបរទេសចិន បានចូលជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ លោកបានសរសើរពីភាពរីកចម្រើនរបស់កម្ពុជា ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស។

លោកថា ការរីកចម្រើនរបស់កម្ពុជានៅពេលនេះ គឺស្ថិតក្រោមការគ្រប់គ្រងដឹកនាំដោយសម្ដេចតេជោ ដែលជាអតីតនាយករដ្ឋមន្ត្រី ហើយបន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេននាពេលបច្ចុប្បន្ននេះ។ លោកបានកោតសរសើរមិនដាច់ពីមាត់អំពីស្ថានភាព នៃសន្តិភាព ស្ថេរភាព ដែលជាកត្តាសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។

លោកក៏បានលើកឡើងអំពីដំណើរទស្សនកិច្ចរបស់ប្រតិភូសាកលវិទ្យាល័យកិច្ចការប្រទេសចិននៅពេលនេះ គឺក្នុងគោលដៅដើម្បីរៀបចំនូវកិច្ចសន្ទនាការទូតក្រោយ (Track II Diplomacy) ដែលជាកិច្ចសន្ទនាមួយចូលរួមចំណែកដ៏សំខាន់ នៅក្នុងការផ្លាស់ប្ដូរយោបល់គ្នា ជាពិសេសគឺការគាំទ្រដល់ការដោះស្រាយបញ្ហាវិបត្តិព្រំដែន កម្ពុជា-ថៃដោយសន្តិវិធី។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការលើកឡើងរបស់ លោកសាស្ត្រាចារ្យសាកលវិទ្យាល័យកិច្ចការបរទេសជាពិសេស គឺពេញចិត្តចំពោះការលើកឡើងពីការមើលឃើញដោយផ្ទាល់របស់លោក អំពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់កម្ពុជា។ សម្ដេចក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងចិននៅពេលបច្ចុប្បន្ននេះ ដែលជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយជាសហគមន៍ជោគវាសនារួម គ្រប់រដូវកាលក្នុងយុគសម័យថ្មី។

បន្ថែមពីលើនេះ សម្ដេចតេជោ ហ៊ុន សែន បានអរគុណដែរចំពោះតួនាទីរបស់សាកលវិទ្យាល័យកិច្ចការបរទេសចិន ដែលបានរៀបចំនូវកិច្ចសន្ទនាការទូតក្រោយ ប៉ុន្តែនិយាយជារួមគឺ ការចូលរួមរបស់ចិននៅក្នុងការគាំទ្រ ដោយការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយឈរលើសន្តិវិធី។ ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យប្រតិភូទាំងអស់ បំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាទទួលបាននូវភាពជោគជ័យ៕