កម្ពុជា និងអូស្ត្រាលី ពិភាក្សាលើការត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី៦ និងខួបអនុស្សាវរីយ៍លើកទី៧៥ នៃទំនាក់ទំនងការទូត


នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Bridget Collier អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅទីស្តីការក្រសួង។

នៅក្នុងជំនួប ភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្រ្តីរវាងកម្ពុជា និងអូស្ត្រាលី លើកទី៦ ដែលគ្រោងរៀបចំនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ភាគីទំាងពីរក៏បានផ្លាស់ប្តូរយោបល់លើគម្រោងរៀបចំសកម្មភាពរួមគ្នា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-អូស្ត្រាលី នៅឆ្នាំ២០២៧ខាងមុខ។

ទន្ទឹមនឹងការថ្លែងអំណរគុណចំពោះភាគីកម្ពុជា ដែលបានទទួលស្វាគមន៍ និងផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះ លោកជំទាវបណ្ឌិត Anne Aly  រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍អន្តរជាតិ រដ្ឋមន្រ្តីទទួលបន្ទុកអាជីវកម្មខ្នាតតូច និងជារដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការពហុភាគីវប្បធម៌នៃប្រទេសអូស្រ្តាលី ក្នុងឱកាស បំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៦ លោកស្រី Bridget Collier ក៏បានពិភាក្សាបន្ថែមជាមួយ ឯកឧត្តមរដ្ឋលេខាធិការ អំពីលទ្ធភាពជំរុញការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងប្រទេសទាំងពីរក្នុងពេលអនាគត។