(បាត់ដំបង)៖ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះចំនួន ២០០ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន ស្ថិតនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ផ្ទះចំនួន ២០០ខ្នងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមរយៈ ក្រុមហ៊ុន ជីប ម៉ុង។
ឯកឧត្តម គន់ គីម មានប្រសាសន៍ថា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីប ម៉ុង ដែលតែងតែបរិច្ចាគថវិការួមចំណែកជាមួយរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ។
ឯកឧត្តម គន់ គីម បានថ្លែងទៀតថា ថវិកាឧបត្ថម្ភរបស់ក្រុមហ៊ុន ជីប ម៉ុង គឺជាសកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យ ចំពោះការធ្វើពលិកម្ម និងតស៊ូបម្រើជាតិ មាតុភូមិ និងប្រជាជន ពីសំណាក់បងប្អូនអតីតយុទ្ធជន និងនិវត្តជន។
ក្នុងនាមសេនាធិការជូន សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត, ឯកឧត្តម គន់ គីម លើកឡើងថា រាជរដ្ឋាភិបាលបានចាត់ទុកវីរភាពរបស់វីរយុទ្ធជនទាំងអស់ជាអ្នកមានគុណតម្លៃចំពោះជាតិ និងប្រជាជន។ ក្នុងន័យនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាថ្នាក់កណ្តាល បានដោះស្រាយផ្តល់ផ្ទះ ផ្តល់ដីជូនអតីតយុទ្ធជនជាបន្តបន្ទាប់ ដែលនេះជាការយកចិត្តយកទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកស្ទួយជីវភាពរស់នៅជូនអតីតយុទ្ធជន និងនិវត្តជន។
ឯកឧត្តម គន់ គីម បន្តថា ដើម្បីលើកស្ទួយជីវភាពអតីតយុទ្ធជន និងនិវត្តជន នាពេលខាងមុខសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នឹងធ្វើការផ្តល់ដីសម្បទានសង្គមកិច្ចសម្រាប់បង្កបង្កើនផល ដោយក្នុងមួយគ្រួសារទទួលបាន ១ហិកតា។
លោកអ្នកឧកញ៉ា លាង ឃុន ថ្លែងថា ក្នុងឱកាសដ៏មានអត្ថន័យនេះ សូមសម្តែងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព និងជាមគ្គុទ្ទេសក៍ឯកកំពូលរបស់កម្ពុជា ក្នុងការរក្សាជំហរសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាពិសេសការផ្តួចផ្តើមបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងគោលបំណងប្រមូលផ្តុំកម្លាំង និងធនធាន ដើម្បីឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជនគ្រប់រូប ដែលបានធ្វើពលិកម្មយ៉ាងធំធេងចំពោះជាតិមាតុភូមិ។
លោកអ្នកឧកញ៉ា លាង ឃុន បន្តថា ការរួមចំណែកទំនុកបម្រុងដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន គឺជាដំណើរដ៏មានអត្ថន័យបំផុសសម្រាប់ក្រុមហ៊ុន ជីប ម៉ុង ព្រោះនេះជាការបង្ហាញការគោរពដឹងគុណ និងយល់ច្បាស់ពីតម្លៃនៃការបំពេញភារកិច្ច ដែលបានលះបង់ទាំងយុវភាព កម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួនជាមួយក្រុមគ្រួសារ។
លោកអ្នកឧកញ៉ា លាង ឃុន បន្ថែមថា គ្រប់ស្លាកស្នាមនៅលើរាងកាយរបស់អតីតយុទ្ធជន និងនិវត្តជន និងការបូជាសាច់ស្រស់ ឈាមស្រស់របស់វីរយុទ្ធជនជាច្រើនរូបទៀត គឺជាភស្តុតាងនៃវីរភាពអង់អាច ក្នុងការការពារទឹកដី ហើយក៏ជាគុណបំណាច់ដ៏ធំធេងដែលកូនខ្មែរគ្រប់ជំនាន់ត្រូវចងចាំ និងគុណជានិច្ច៕






















