ឯកឧត្តម សុខ សូកេន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងអធិការកិច្ចរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម


ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងអធិការកិច្ចរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅទីស្ដីការក្រសួង។

អង្គប្រជុំ បានពិភាក្សាលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនាពេលកន្លងមក និងបានកំណត់ទិសដៅការងារបន្ត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអធិការកិច្ច ស្របតាមអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងអធិការកិច្ចនៃព្រះរាជាណាចកម្ពុជា និងអធិការកិច្ចរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបាន និងបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែស៊ីជម្រៅ ដោយផ្តោតលើការផ្លាស់ប្តូរបទពិសោធ ទស្សនកិច្ច ការអភិវឌ្ឍសមត្ថភាពស្ថាប័ន ព្រមទាំងការពង្រឹងជំនាញអធិការកិច្ច និងការដោះស្រាយបណ្ដឹង សំដៅរួមចំណែកក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ច រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។