ខួបលើកទី៨១ នៃទិវាបុណ្យជាតិវៀតណាម៖ លោកទូតវៀតណាមប្រចាំកម្ពុជា បង្ហាញក្តីរីករាយដែលកម្ពុជាបន្តរក្សាបាននូវស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងការងាកទៅពង្រីកសកម្មភាពកិច្ចការបរទេសយ៉ាងសកម្ម


នៅល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៨១ នៃទិវាបុណ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ។

ថ្លែងនៅក្នុងឱកាសបើកពិធីនេះលោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានសម្តែងនូវក្តីរីករាយដែលកម្ពុជា បន្តរក្សាបាននូវស្ថិរភាពនយោបាយ ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចមានប្រសិទ្ធភាព និងការងាកទៅពង្រីកសកម្មភាពកិច្ចការបរទេសយ៉ាងសកម្ម។ ខណៈក្នុងបរិបទនេះ ទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសទាំងពីរនៅតែស្ថិតជាចំណុចភ្លឺស្វាង ដោយទំហំពាណិជ្ជកម្មក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៦ បានកើនឡើងដល់កម្រិតកំណត់ត្រាជិត ៧.៨ប៊ីលានដុល្លារអាមេរិក កើនឡើង១០,៣%។

ជាមួយគ្នានេះលោកទូត ក៏បានគូសបញ្ជាក់ពីតម្លៃប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៤៥ ដែលបានផ្លាស់ប្តូរប្រទេសវៀតណាមពីប្រទេសចំណុះ ឱ្យទៅជាប្រទេសឯករាជ្យ មានឯកភាពជាតិ និងកំពុងអភិវឌ្ឍយ៉ាងរីកចម្រើន។ លោកទូតវៀតណាម បានរំលេចពីការប្តេជ្ញាចិត្តនៃមហាសន្និបាតលើកទី១៤ របស់គណបក្សកុម្មុយនីស្តវៀតណាម ក្នុងគោលដៅនាំយកប្រទេសជាតិឈានចូលយុគសម័យថ្មីផងដែរ។

ស្តីពីទំនាក់ទំនងវៀតណាម-កម្ពុជា នាពេលកន្លងមក លោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់លើដំណើរទស្សនកិច្ចជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលក្នុងនោះលេចធ្លោជាងគេគឺ ដំណើរទស្សនកិច្ចនៅកម្ពុជារបស់ អគ្គលេខាបក្ស To Lam កាលពីខែកុម្ភៈ ឆ្នាំ២០២៦ របស់សមមិត្ត Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្ត្រៃយ៍នៃលេខាមជ្ឈឹមបក្ស កាលពីខែមេសា ឆ្នាំ២០២៦ ព្រមទាំងដំណើរទស្សនកិច្ចនៅវៀតណាមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីខែមិថុនា ឆ្នាំ២០២៦ និងសម្តេចប្រធានរដ្ឋសភា ឃួន សុដារី កាលពីខែកក្កដា ឆ្នាំ២០២៦ ដែលបានបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតកំពូលថ្មីមួយទៀត។

នៅក្នុងឱកាសនោះឧបនាយករដ្ឋមន្ត្រី នេត សាវឿន ក្នុងនាមតំណាងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាម ក្នុងឱកាសខួបលើកទី៨១ នៃទិវាបុណ្យជាតិ។ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម យ៉ាងឆាប់រហ័សរបស់វៀតណាម ជាពិសេសគឺអត្រាកំណើនសេដ្ឋកិច្ច ៨% ក្នុងឆ្នាំ២០២៥ ដោយជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់គណបក្សកុម្មុយនីស្តវៀតណាម ដែលមានអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam ជាអ្នកដឹកនាំ នឹងសម្រេចបាននូវគោលដៅសហស្សវត្សរ៍ទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី បានអះអាងថា៖ «កម្ពុជាផ្តល់តម្លៃយ៉ាងខ្ពង់ខ្ពស់ចំពោះទំនាក់ទំនងជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ហើយតែងតែចងចាំជានិច្ចនូវពលិកម្មរបស់កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម ក្នុងការជួយរំដោះកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍»

ជាមួយគ្នានេះឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានសម្តែងនូវក្តីរីករាយចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ចាប់ពីនយោបាយ សេដ្ឋកិច្ច រហូតដល់ការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ ក្នុងនោះវៀតណាមបន្តរក្សាតំណែងជាដៃគូពាណិជ្ជកម្មធំបំផុតទី៣ របស់កម្ពុជាចាប់តាំងពីឆ្នាំ២០២២មក, ឈរនៅលេខរៀងទី៣ ខាងប្រភពវិនិយោគទុនបរទេសនៅកម្ពុជាក្នុងឆ្នាំ២០២៥ និងឈរនៅកំពូលតារាងនៃចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា ខណៈដែលទេសចរពីកម្ពុជាទៅកាន់វៀតណាមក៏មានចំនួនច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានកាលពីឆ្នាំ២០២៥។

លើសពីនេះ ប្រទេសទាំងពីរបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិ តាន់ណាម (តៃនិញ) – ម៉ឺនជ័យ (ព្រៃវែង) កាលពីខែធ្នូ ឆ្នាំ២០២៥ ហើយកំពុងរុញច្រានការតភ្ជាប់ផ្លូវល្បឿនលឿន ទីក្រុងហូជីមិញ-ម៉ុកបាយ ជាមួយភ្នំពេញ-បាវិត។ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៧ ភាគីទាំងពីរនឹងរួមគ្នារៀបចំព្រឹត្តិការណ៍ជាច្រើនយ៉ាងមហោឡារិក ដើម្បីអបអរសាទរខួបលើកទី៦០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម (២៤/០៦/១៩៦៧ – ២៤/០៦/២០២៧)។

សូមជម្រាបថា ពិធីអបអរសាទរខួបលើកទី៨១ នៃទិវាបុណ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មានការអញ្ជើញចូលរួមពីឧបនាយករដ្ឋមន្ត្រី សន្តិបណ្ឌិត នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា (CPP) ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន និងអាជ្ញាធរដែនដីនានារបស់កម្ពុជា។ លើសពីនេះ ក៏មានការចូលរួមពីអង្គទូត អង្គការអន្តរជាតិប្រចាំនៅកម្ពុជា ព្រមទាំងតំណាងសហគ្រាស និងបងប្អូនប្រជាពលរដ្ឋវៀតណាម ដែលកំពុងធ្វើអាជីវកម្ម រស់នៅ និងសិក្សានៅកម្ពុជាប្រមាណជាង៥០០នាក់ផងដែរ៕