ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា អញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សចំនួន ៣,៤៦០នាក់ នៅក្នុងខណ្ឌសែនសុខ


ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានខណ្ឌសែនសុខ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូល និងទទួលស្គាល់សមាជិកគណបក្សប្រជាជនកម្ពុជា សង្កាត់ទាំង៦ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំនួន ៣,៤៦០នាក់។ ពិធីនេះមានការអញ្ជើញចូលរួមពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ លោក ចេង មុនីរ៉ា ប្រធានគណៈកម្មាធិការគណបក្សខណ្ឌសែនសុខ ព្រមទាំងប្រធាន អនុប្រធានក្រុមការងារចុះជួយសង្កាត់ ភូមិ និងចៅសង្កាត់ សមាជិក សមាជិកា សរុបចំនួន ៣,៦៥០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងស្វាគមន៍យ៉ាងកក់ក្កៅ និងអបអរសាទរចំពោះវត្តមានសមាជិក សមាជិកាថ្មីទាំងអស់ និងបងប្អូនទាំងអស់គ្នា មានការយកចិត្តទុកដាក់ស្វែងយល់ និងគាំទ្រទាំងស្រុងនូវកម្មវិធីនយោបាយនិងលក្ខន្តិកៈរបស់គណបក្ស ប្រកបដោយឧត្តមគតិស្នេហាជាតិមាតុភូមិ ស្ម័គ្រចិត្តឥតងាករេស្នើសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមកម្លាំងគ្នាការពារសមិទ្ធផលសង្គមជាតិ និងសម្រេចនូវភារកិច្ចទាំងឡាយនាំមកនូវការអភិវឌ្ឍកាន់តែរីកចម្រើនឡើងថែមទៀត។

ឯកឧត្តមសាស្រ្តាចារ្យ បានមានប្រសាសន៍ថា ការពង្រឹងការងារគ្រប់គ្រងសមាជិកគណបក្សតាមយុទ្ធសាស្ត្រ «ផ្អែកលើអំពើល្អរបស់មន្ត្រីគណបក្ស និងផ្អែកលើបរិមាណ និងគុណភាពរបស់សមាជិកគណបក្សដើម្បីឈ្នះឆ្នោត» មានសកម្មភាពការងារជាច្រើនដែលត្រូវអនុវត្តឲ្យបានល្អនិងឲ្យកាន់តែល្អប្រសើរឡើង។

ជាងនេះទៅទៀតឯកឧត្តមសាស្រ្តាចារ្យ បានគូសបញ្ជាក់ថា ដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួនក្នុងនាមជាសមាជិកគណបក្ស ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចរបស់ខ្លួនឱ្យបានល្អ ដូចជាត្រូវខិតខំប្រតិបត្តិឲ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស, ត្រូវកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្ស ច្បាប់របស់រដ្ឋ សមិទ្ធផលនានាដែលគណបក្សសម្រេចបាន, ត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង និងជានិច្ចកាលជួយមតិគ្នាទៅវិញទៅមក ដើម្បីការរីកចម្រើន, ត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធម៌ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ, ត្រូវមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយត្រូវទៅចុះឈ្មោះបោះឆ្នោត ចេះបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងត្រូវចេះចលនាក្រុមគ្រួសារ មិត្តភ័ក្តិ សាច់ញាតិ ឲ្យស្រឡាញ់និងគាំទ្រគណបក្ស ប្តេជ្ញាបោះឆ្នោតជូនគណបក្ស និងនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនឲ្យបានគ្រប់ៗគ្នា ធានាសម្រេចឲ្យបាននូវទិសដៅគណបក្សគឺសមាជិកគណបក្ស១ រូប ជាសំឡេងឆ្នោតគាំទ្រគណបក្ស ១សន្លឹក។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា មានជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណៈកម្មាធិការគណបក្សខណ្ឌ និងមានការចូលរួមគាំទ្រយ៉ាងសកម្មពី ក្រុមការងារចុះជួយគ្រប់លំដាប់ថ្នាក់ បងប្អូនសមាជិក សមាជិកាគណបក្សទាំងអស់ នឹងរួមសាមគ្គីភាពគ្នាជាធ្លុងមួយបន្តអនុវត្តការងារឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៧ និង២០២៨ បន្តថែរក្សាកេរ្តិ៍ឈ្មោះ ប្រជាប្រិយភាព និងធានាបាននូវប្រៀបឈ្នះដាច់ខាតជូនគណបក្សសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

ជាមួយគ្នានេះផងដែរឯកឧត្តមសាស្ដ្រាចារ្យ ក៏បានថ្លែងអំណរគុណចំពោះសមាជិកថ្មីទាំងជាង ៣ពាន់នាក់នាពេលនេះ ដែលបានបង្ហាញឆន្ទៈ និងគោលការណ៍ស្ម័គ្រចិត្តមករួបរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយតែមួយគត់ដែលបានជួយរំដោះប្រទេសកម្ពុជាក្រោកចេញពីភ្នក់ភ្លើងសង្គ្រាមរុំារៃអស់ជាច្រើនទស្សវត្សរ៍ត្រឡប់មករកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរដូចពេលបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតវាងវៃបំផុត របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថាសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី នៃសង្កាត់ទាំង៦ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំនួន ៣,៤៦០នាក់ (ស្រី ១,៧៩៩នាក់) ក្នុងនោះសង្កាត់ក្រាំងធ្នង់ ចំនួន ៥៣១នាក់, សង្កាត់ឃ្មួញ ចំនួន ១៤៧នាក់, សង្កាត់ភ្នំពេញថ្មី ចំនួន ៦២៨នាក់, សង្កាត់គោកឃ្លាង ចំនួន ៥៩៧នាក់, សង្កាត់ទឹកថ្លា ចំនួន ១,១៥៥ នាក់ និងសង្កាត់អូរបែកក្អម ចំនួន ៤០២នាក់។

នាឱកាសនោះ តំណាងសមាជិកថ្មី ក៏បានឡើងប្តេជ្ញាចិត្តយ៉ាងមុតមាំ និងមិនងាករេ ពិសេសគោរពឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិក និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលមានធនធានមនុស្សគ្រប់គ្រាន់ និងតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ។ ជាក់ស្តែងដូចជាការរំដោះប្រជាពលរដ្ឋចេញពីរបបប្រល័យពូសាសន៍ ប៉ុល ពត ក្រោមការដឹកនាំរបស់សម្តេចតេជោប្រធានគណបក្សប្រជាជន និងថ្នាក់ដឹកនាំដដៃទៀត។ បច្ចុប្បន្ន ប្រទេសជាតិមានការអភិវឌ្ឍរីកច្រើនក្រោមការដឹកនាំរបស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បន្តវេនពីសម្តេចតេជោ ហ៊ុន សែន៕