សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចាត់ទុកដំណើរទស្សនកិច្ចរបស់ លោក អ៊ីហ្គ័រ រ៉ូឌិនកូ (Igor Rudenko) អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី មកកាន់កម្ពុជា នាពេលនេះ គឺជាផ្នែកមួយនៃការជំរុញទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ឲ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ នេះបើយោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។
បើតាម លោក ជាធិរិទ្ធ ក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយអនុរដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ីនៅវិមានសាមគ្គីភាព នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ សម្ដេចតេជោបានគូសបញ្ជាក់ថា ឆ្នាំនេះគឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលបង្ហាញអំពីទំនាក់ទំនងដ៏មានវ័យចំណាស់មួយរវាងប្រទេសទាំងពីរ។
បន្ថែមពីនេះ សម្ដេចតេជោក៏បានរំលេចអំពីសារបាននៃទំនាក់ទំនងរវាងកម្ពុជានិងរុស្ស៊ី ជាពិសេសគឺសារៈសំខាន់នៃតួអង្គរបស់សម្ដេចផ្ទាល់ ដែលបានពង្រឹងទំនាក់ទំនងរវាងកម្ពុជាជាមួយរុស្ស៊ីតាំងពីសម្ដេចតេជោនៅជារដ្ឋមន្ត្រីការបរទេស រហូតដល់សម្ដេចធ្វើជានាយករដ្ឋមន្ត្រី ដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីជាច្រើន និងបានធ្វើកិច្ចការងារជាមួយមេដឹកនាំរុស្ស៊ីជាច្រើនកន្លងមក។ ជាមួយគ្នានេះ សម្ដេចតេជោ បានថ្លែងអរគុណចំពោះរដ្ឋាភិបាលរុស្ស៊ីដែលតែងតែជួយជ្រោមជ្រែងដល់កម្ពុជា ជាពិសេសគឺការជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា។
ទន្ទឹមគ្នានេះ សម្ដេចតេជោបានស្វាគមន៍ចំពោះការពិភាក្សារវាងលោក រ៉ូឌិនកូ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលផ្ដោតលើពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដោយចាត់ទុកថាជាចំណុចស្នូលនៃទំនាក់ទំនងទ្វេភាគី។
ក្នុងជំនួបនោះដែរ លោក រ៉ូឌិនកូ បានកោតសរសើរតួនាទីដ៏សំខាន់របស់សម្ដេចតេជោ ក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-រុស្ស៊ី និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ ហើយសម្តេចគឺជាមេដឹកនាំមួយរូបដែលប្រជាជនរុស្ស៊ីបានស្គាល់។ បន្ថែមពីលើនោះ លោកថែមទាំងបានជម្រាបសម្ដេចតេជោអំពីនយោបាយ និងការពង្រឹងនូវពាណិជ្ជកម្មរបស់ប្រទេសទាំងពីរឲ្យមានការកើនឡើងផងដែរ។
ជាមួយគ្នានេះផងដែរ លោក រ៉ូឌិនកូ ក៏បានលើកឡើងពីការរង់ចាំនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសរុស្ស៊ី ដោយបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំរបស់រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កំពុងតែរង់ចាំវត្តមានរបស់សម្ដេចតេជោក្នុងការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនៅពេលឆាប់ខាងមុខនេះ។
ជាការឆ្លើយតប សម្ដេចតេជោ លើកឡើងថា នៅពេលនេះសម្ដេចកំពុងតែពិនិត្យមើល និងវិភាគកាលបរិច្ឆេទដើម្បីកំណត់នូវដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសរុស្ស៊ីនៅពេលដែលឆាប់ខាងមុខនេះតាមពេលវេលាសមស្រប។
បន្ថែមពីសម្តេចតេជោ បានបញ្ជាក់ប្រាប់ លោក រ៉ូឌិនកូ ផងដែរថា កម្ពុជាក៏ត្រៀមទទួលនូវដំណើរទស្សនកិច្ចរបស់ប្រធានគណបក្សរុស្ស៊ីរួបរួម ដែលគ្រោងនឹងអញ្ជើញមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរ៕














