ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ បានជួបពិភាក្សាជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដែលបានចុះមកស្នើសុំកិច្ចសហការជាមួយរដ្ឋបាលខេត្ត ក្នុងការចុះត្រួតពិនិត្យឯកសារជនបរទេសតាមបណ្តារោងចក្រ សហគ្រាស។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានសម្តែងការគាំទ្រពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការនេះ ប៉ុន្តែបានសង្កត់ធ្ងន់ថា មន្ត្រីសមត្ថកិច្ចដែលចុះបំពេញបេសកកម្មត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
ឯកឧត្តមអភិបាលខេត្តបានបន្តថា បច្ចុប្បន្ន រដ្ឋបាលខេត្តតាកែវ កំពុងខិតខំយ៉ាងសកម្មក្នុងការទាក់ទាញអ្នកវិនិយោគបរទេសឲ្យមកបណ្តាក់ទុនក្នុងខេត្ត ដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងបង្កើនចំណូលថវិកាជាតិ ក៏ដូចជាថវិកាខេត្ត។ ហេតុដូច្នេះ លោកបានអំពាវនាវដល់ក្រុមការងារដែលចុះបំពេញការងារតាមរោងចក្រ សហគ្រាសទាំងអស់ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈចំពោះអ្នកវិនិយោគបរទេស ស្របតាមស្ថានភាពជាក់ស្តែង។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក៏បានរំលឹកពីការណែនាំកន្លងមកដល់អាជ្ញាធរក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ឲ្យគ្រប់គ្រងជនបរទេសដែលស្នាក់នៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងបន្តជំរុញជនបរទេស ដែលមានប័ណ្ណស្នាក់នៅផុតសុពលភាព ឲ្យមកដាក់ពាក្យស្នើសុំបន្តឲ្យបានទាន់ពេលវេលា ព្រមទាំងបំពេញកាតព្វកិច្ចនានាស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍។ ទន្ទឹមនឹងនេះ ក៏ត្រូវចាត់វិធានការតឹងរ៉ឹង ចំពោះជនបរទេសណាដែលមិនបំពេញបែបបទផងដែរ។
រដ្ឋបាលខេត្តបានណែនាំឲ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ចុះដល់ទីតាំងរោងចក្រ សហគ្រាស កសិដ្ឋាន និងអាជីវកម្មនានា ជាពិសេសនៅតំបន់ជាប់ព្រំដែន ដើម្បីខិតខំស្រាវជ្រាវ ស៊ើបអង្កេត និងស្វែងរកមុខសញ្ញា ជនបរទេសដែលលួចចូលមកស្នាក់នៅដោយខុសច្បាប់ និងប្រព្រឹត្តបទល្មើសនានា ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ សំដៅធ្វើយ៉ាងណាឲ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសន្តិសុខក្នុងខេត្តតាកែវ មានភាពល្អប្រសើរជានិច្ច៕












