អ្នកផលិតភាពយន្តចិនជ្រើសរើសកម្ពុជា ជាទីតាំងថត និងផលិតវីដេអូ AI ផ្សព្វផ្សាយ «សម្រស់ពិតរបស់កម្ពុជា» ទៅកាន់ពិភពលោក


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ អ្នកឧកញ៉ា លីម ហ៊ួរនីតូ ប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិន, លោក Zhang Wenya នាយកក្រុមហ៊ុន Unicorn Media Consulting Group Cambodia, លោក Gao Weixiang នាយកប្រតិបត្តិក្រុមហ៊ុន VINCIS និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការផលិតភាពយន្តភាគខ្លី ការផ្សព្វផ្សាយទេសចរណ៍ឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និង «សម្រស់ពិតរបស់កម្ពុជា» ទៅកាន់ទីផ្សារអន្តរជាតិ។

ជំនួបនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងសមាគមយុវជនឌីជីថលកម្ពុជា-ចិន ក្រុមហ៊ុន Unicorn Media Consulting Group Cambodia ក្រុមហ៊ុន VINCIS តំណាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) តួសម្តែងកម្ពុជា-ចិន និងអ្នកផលិតមាតិកាសរុបប្រមាណ ៣០រូប។

ក្នុងឱកាសនោះ ប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិន បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី អំពីគម្រោងស្នើសុំកិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្លូវការ ក្នុងការផលិតភាពយន្តខ្លីកម្ពុជា-ចិន នៅព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមយុវជនឌីជីថលកម្ពុជា-ចិន និងដៃគូពាក់ព័ន្ធ ដែលបានចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា។ លោកបានសម្តែងការស្វាគមន៍ និងគាំទ្រជាគោលការណ៍ចំពោះគម្រោងផលិតភាពយន្តខ្លីកម្ពុជា-ចិន ដែលនឹងបង្ហាញពីកម្ពុជាតាមរយៈសាច់រឿង និងមាតិកាដែលទាក់ទាញទស្សនិកជនអន្តរជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការផលិតភាពយន្តត្រូវអនុវត្តតាមនីតិវិធី និងបទប្បញ្ញត្តិជាធរមាន ជាពិសេសត្រូវទទួលបានការអនុញ្ញាតជាផ្លូវការលើខ្លឹមសារ និងសាច់រឿង (Script) ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មុនពេលដំណើរការថតជាក់ស្តែង។

ឯកឧត្តម ហួត ហាក់ ក៏បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវីដេអូ AI ដែលផលិតដោយក្រុមហ៊ុន VINCIS និងបានបង្ហាញពីតំបន់អង្គរ ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តអភិវឌ្ឍវីដេអូ AI ក្នុងទម្រង់និទានកថា (Storytelling) ដោយបញ្ចូលបច្ចេកវិទ្យាទំនើបជាមួយវប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ ម្ហូបអាហារ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដើម្បីផ្សព្វផ្សាយ «សម្រស់ពិតរបស់កម្ពុជា» ទៅកាន់ពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យផលិតករទស្សនា និងមើលឃើញកម្ពុជា ជា «ស្ទូឌីយោធម្មជាតិ» ដ៏សម្បូរបែប ដោយពង្រីកទីតាំងថតឱ្យហួសពីតំបន់អង្គរ (Beyond Angkor) ទៅកាន់តំបន់ឆ្នេរសមុទ្រភាគនិរតី ព្រៃភ្នំ និងទឹកជ្រោះនៅភាគឦសាន តំបន់អេកូទេសចរណ៍ ព្រមទាំងស្ថាបត្យកម្មបេតិកភណ្ឌ និងសំណង់សម័យអាណានិគមនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តកំពតជាដើម។

ឯកឧត្តមបានបញ្ជាក់ថា តំបន់ទាំងនេះសុទ្ធតែមានសក្តានុពលក្លាយជាផ្ទាំងទស្សនីយភាពធម្មជាតិដ៏ទាក់ទាញ សម្រាប់ការផលិតភាពយន្ត និងមាតិកាអន្តរជាតិ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសរំលេចពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការជំរុញ «ទេសចរណ៍ភាពយន្ត (Film Tourism)» ឱ្យក្លាយជាឧបករណ៍ដ៏មានសក្តានុពលសម្រាប់ផ្សព្វផ្សាយរូបភាព វប្បធម៌ និងគោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

ជាក់ស្តែង រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យបង្កើត «ក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត» កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ព្រមទាំងបានដាក់ឱ្យអនុវត្តកម្មវិធីលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដែលជាកត្តាគាំទ្រដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ អ្នកផលិតភាពយន្ត និងអ្នកបង្កើតមាតិកាពីទីផ្សារចិនមកកាន់កម្ពុជា។

មុនបញ្ចប់ ឯកឧត្តម ហួត ហាក់ បានអំពាវនាវដល់សមាគម ក្រុមហ៊ុន តួសម្តែងកម្ពុជា-ចិន និងអ្នកផលិតមាតិកា ចូលរួមផ្សព្វផ្សាយកម្ពុជាក្នុងនាមជា «គោលដៅទេសចរណ៍សុវត្ថិភាព» ព្រមទាំងរួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានអវិជ្ជមាន ដែលអាចប៉ះពាល់ដល់កិត្តិនាម និងរូបភាពទេសចរណ៍របស់កម្ពុជា។៕