កម្ពុជាកាន់តែក្លាយទៅជាគោលដៅសម្រាប់ក្រុមហ៊ុនភាពយន្តបរទេសដើម្បី ផលិតទេសចរណ៍ភាពយន្ត


កម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតកម្ម និងកម្មវិធីទូរទស្សន៍បរទេសល្បីៗជាច្រើនឲ្យមកថតខ្សែភាពយន្ត ដើម្បីជំរុញវិស័យទេសចរណ៍ភាពយន្ត ។ អ្នកផលិតភាពយន្តចិនបានជ្រើសរើសកម្ពុជា ជាទីតាំងថត និងផលិតវីដេអូ AI ផ្សព្វផ្សាយ «សម្រស់ពិតរបស់កម្ពុជា» ទៅកាន់ពិភពលោក។ ផែនការនេះបានធ្វើឡើង នៅក្នុងឱកាសសមាគមយុវជនឌីជីថលកម្ពុជា-ចិនកាលពីថ្ងៃទី២៤សីហាបានមកជួបថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដើម្បីពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការផលិតភាពយន្តភាគខ្លី ផ្សព្វផ្សាយទេសចរណ៍ឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីនាំយកសក្តានុពលទេសចរណ៍ និង «សម្រស់ពិតរបស់កម្ពុជា» ទៅកាន់ទីផ្សារអន្តរជាតិ។

សូមរម្លឹកថាកាលពីសប្តាហ៍មុន កម្មវិធី «Race Across the World» របស់កម្មវិធីទូរទស្សន៍ដើមរបស់បណ្តាញទូរទស្សន៍ BBCនៃចក្រភពអង់គ្លេស បានមកថតនៅប្រាសាទតាព្រហ្ម ខេត្តសៀមរាប ។ ហើយកាលពីឆ្នាំ២០២៥ ផលិតកម្ម Daubai Production មកពីប្រទេសកាហ្សាក់ស្ថាន បាននាំយកសមាជិកនិងតារាល្បីៗចំនួន ៣៧រូប មកថតខ្សែភាពយន្តឯកសារ និងផ្សព្វផ្សាយទេសចរណ៍ក្រោមប្រធានបទ «ដំណើរមកទស្សនាកម្ពុជារបស់គូស្នេហ៍៥គូ»។ ហើយកាលពីឆ្នាំ២០២១ក្រុមហ៊ុនភាពយន្តហូលីវូដបានចុះមកថតខ្សែភាពយន្តបែបផ្សងព្រេងនៅប្រាសាទតាព្រហ្មសំដែងដោយតារាAngelina Jolie ដែលមានចំណងជើងថា Lara Croft: Tomb Raider។

សូមបញ្ជាក់ថាកាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥រាជរដ្ឋាភិបាលបានបង្កើត ក្រុមការងារអន្តរក្រសួងមួយ ដើម្បីសម្របសម្រួលនិងបង្កបរិយាកាសអំណោយផលដល់ផលិតកម្មភាពយន្តបរទេស និងកម្មវិធីទូរទស្សន៍បរទេសល្បីៗអញ្ជើញមកថតខ្សែភាពយន្ត ដើម្បីជំរុញវិស័យទេសចរណ៍ភាពយន្ត នៅកម្ពុជា ដោយចាត់ទុកថាទេសចរណ៍ភាពយន្ត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្សព្វផ្សាយវប្បធម៌ និងតំបន់ប្រវត្តិសាស្ត្ររបស់កម្ពុជាទៅកាន់ពិភពលោក។

ទេសចរណ៍ភាពយន្តបានបង្កើតអារម្មណ៍ពិភពលោកឲ្យចង់មកទស្សនាផ្ទាល់ ដោយភាពយន្តជួយឱ្យទស្សនិកជនបានឃើញពីអត្តសញ្ញាណជាតិ វប្បធម៌ និងធម្មជាតិដ៏ស្រស់ស្អាត ដែលជាកាតាលីករជំរុញឱ្យពួកគេចង់មក «បទពិសោធន៍ផ្ទាល់នៅកម្ពុជា» ជំនួសឱ្យការទស្សនាតាមកញ្ចក់ទូរទស្សន៍៕