ទេសាភិបាល ធនាគារជាតិនៃកម្ពុជា៖ វិស័យឯកជន គួរយល់ឱ្យបានច្បាស់ពីគោលការណ៍ និងការព្រួយបារម្ភរបស់និយ័តករ ជាពិសេសពាក់ព័ន្ធនឹងការការពារអតិថិជន និងស្ថិរភាពហិរញ្ញវត្ថុ


លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំតុមូលស្តីពី “ការជំរុញការតភ្ជាប់ប្រព័ន្ធឌីជីថល៖ ការសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាតិជាមួយបណ្តាញហិរញ្ញវត្ថុសកល” ក្នុងព្រឹត្តិការណ៍ Silk Road Finance & Technology Forum នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងតាស្កិន នៃប្រទេសអ៊ូសបេគីស្ថាន។

អង្គប្រជុំបានពិភាក្សាអំពីតុល្យភាពរវាងការការពារទិន្នន័យជាតិ និងការបង្កើតប្រព័ន្ធទូទាត់ឆ្លងដែនដែលបើកចំហ មានភាពប្រកួតប្រជែង និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធទូទាត់ឌីជីថល។

ប្រភពព័ត៌មានពីធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថាក្នុងឱកាសនេះ លោកជំទាវទេសាភិបាល បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងការយល់គ្នាទៅវិញទៅមក និងកិច្ចសហការរវាងស្ថាប័នសាធារណៈ និងឯកជន ដើម្បីឱ្យការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុឌីជីថល និងការតភ្ជាប់ប្រព័ន្ធទូទាត់ អាចឆ្លើយតបបានទាំងតម្រូវការទីផ្សារ និងផលប្រយោជន៍សាធារណៈ។ បន្ថែមលើនេះ លោកជំទាវបានលើកឡើងថា ស្ថាប័នសាធារណៈត្រូវបន្តស្វែងយល់ពីការវិវត្តនៃបច្ចេកវិទ្យា និងគំរូអាជីវកម្មថ្មីៗ ខណៈវិស័យឯកជនក៏គួរយល់ឱ្យបានច្បាស់ពីគោលការណ៍ និងការព្រួយបារម្ភរបស់និយ័តករ ជាពិសេសពាក់ព័ន្ធនឹងការការពារអតិថិជន ស្ថិរភាពហិរញ្ញវត្ថុ សុវត្ថិភាព និងភាពធន់នៃប្រព័ន្ធ។

លោកជំទាវបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការប្រើប្រាស់ភាសាដែលងាយយល់ និងការសន្ទនាប្រកបដោយភាពបើកចំហរវាងភាគីពាក់ព័ន្ធ ដើម្បីកសាងការយល់គ្នា និងស្វែងរកដំណោះស្រាយរួម។ ក្នុងបរិបទនេះ កិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន នឹងកាន់តែមានសារៈសំខាន់ ដើម្បីធានាថា នវានុវត្តន៍ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា អាចដើរទន្ទឹមនឹងសុវត្ថិភាព ប្រសិទ្ធភាព និងផលប្រយោជន៍សាធារណៈ៕