គណៈប្រតិភូសមាជិកសភាអាមេរិក បានបង្ហាញការគាំទ្រចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងអាមេរិក និងកម្ពុជា ហើយប្រកាសគាំទ្ររដ្ឋាភិបាលអាមេរិក ជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-អាមេរិក ឱ្យកាន់តែរីកចម្រើន និងទូលំទូលាយបន្ថែមទៀត។
នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសមាជិកសភាអាមេរិក រួមមាន លោក Jimmy Panetta សមាជិកសភាប្រចាំរដ្ឋ California មកពីគណបក្សប្រជាធិបតេយ្យ, លោក Jim Baird សមាជិកសភាប្រចាំរដ្ឋ Indiana មកពីគណបក្សសាធារណរដ្ឋ, លោកស្រី Julie Johnson សមាជិកសភាប្រចាំរដ្ឋ Texas មកពីគណបក្សប្រជាធិបតេយ្យ និងលោកស្រី Kristen McDonald Rivet សមាជិកសភាប្រចាំរដ្ឋ Michigan មកពីគណបក្សប្រជាធិបតេយ្យ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងជំនួបនោះ គណៈប្រតិភូសមាជិកសភាអាមេរិក បានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា។ គណៈប្រតិភូក៏បានបង្ហាញក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពជាវិជ្ជមាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាមេរិក-កម្ពុជា លើវិស័យសំខាន់ៗជាច្រើន ដូចជា៖ ពាណិជ្ជកម្ម និងការវិនិយោគ, សន្តិសុខ, ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ, ព្រមទាំងវិស័យសុខាភិបាល ជាដើម។
ទន្ទឹមនឹងនេះ គណៈប្រតិភូបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ បានផ្តល់ឱកាសឈ្វេងយល់កាន់តែស៊ីជម្រៅអំពីសក្តានុពលជាក់ស្តែង និងការផ្សារភ្ជាប់ទំនាក់ទំនងទ្វេភាគី ហេីយគណ:ប្រតិភូសមាជិកសភាអាមេរិក នឹងបន្តខិតខំប្រឹងប្រែជំរុញ និងគាំទ្រដល់រដ្ឋាភិបាលអាមេរិក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងទូលំទូលាយបន្ថែមទៀត។ ក្នុងឱកាសនោះ គណៈប្រតិភូបានបញ្ជាក់ជាថ្មីថា អាមេរិក នឹងបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។
ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ និងសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើរ និងភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាមេរិក។ សម្តេចមហាបវរធិបតី បានបញ្ជាក់ជា ថ្មីពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំ ដោយគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានកាលានុវត្តភាព និងសក្តានុពលជាច្រើនទៀត ដែលអាចបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។
សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់លើកំណើននៃទំហំពាណិជ្ជកម្ម និងការវិនិយោគពីបរទេសនៅកម្ពុជា ព្រមទាំងបានលើកឡើងពីការកសាងភាពធន់ផ្នែកសេដ្ឋកិច្ច និងការពង្រឹងសមត្ថភាពរបស់កម្ពុជា ក្នុងការជំរុញវិស័យស្នូលសំខាន់ៗ ដូចជា៖ វិស័យ វាយនភណ្ឌ, កសិកម្ម និងការលើកកម្ពស់ការកែច្នៃផលិតផលសម្រេច ដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូសមាជិកសភាអាមេរិក ក៏បានផ្លាស់ប្តូរយោបល់គ្នា ដេីម្បី ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យ សុខាភិបាល, សន្តិសុខ និងការការពារជាតិ។
សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តគាំទ្ររបស់អាមេរិក លើវិស័យបោសសម្អាតមីន និងបានថ្លែងអំណរគុណជាថ្មីចំពោះប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋាភិបាលអាមេរិក ដែលបានជួយសម្របសម្រួលឱ្យសម្រេចបាននូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ក៏បានជម្រាបជូនគណ:ប្រតិភូសមាជិកសភាអាមេរិក អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកលេីច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕










