ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ


ប្រធានរដ្ឋសភាម៉ាឡេស៊ី លោក Tan Sri Dato’ Dr. Johari bin Abdul ប្ដេជ្ញាបន្តលើកកម្ពស់កិច្ច​សហប្រតិ​បត្តិការទ្វេភាគី ជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ។ លោកប្រធានរដ្ឋសភាម៉ាឡេស៊ី បានប្រកាសបែបនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ លោកប្រធានរដ្ឋសភា បានសម្ដែងការកោតសរសើរចំពោះកម្ពុជា ក្នុងការរៀបចំ «សន្និសីទប្រធាន​សភានៃអន្តរសភាលើកទី២» យ៉ាងល្អប្រសេីរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការទ្វេភាគី​ម៉ាឡេស៊ី​-កម្ពុជា។ លោកប្រធានរដ្ឋសភា​ បានគូសបញ្ជាក់ថា ទំនាក់ទំនង​កម្ពុជា-ម៉ាឡេស៊ី កំពុងស្ថិតក្នុងទិសដៅដ៏ត្រឹមត្រូវ និងបានផ្ដល់ផលប្រយោជន៍ជាច្រើនដល់​ប្រជាជននៃប្រទេស​ទាំងពីរ ហើយម៉ាឡេស៊ី នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ និង​សម្ដែងនូវការពេញចិត្ត​ ចំពោះការរីកចម្រើននៃទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ សម្តេចមហាបវរធិបតី បានគូសរំលេចពី​កំណើន​គួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបាន​បញ្ជាក់ថា ប្រទេសទាំងពីរនៅ​មានសក្ដានុពល​ជាច្រើនទៀត​ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។​

សម្ដេចមហាបវរធិបតី និងលោកប្រធានរដ្ឋសភា បានបន្តពិភាក្សាលើការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើវិស័យ​សំខាន់ៗជាច្រើន រួមមាន វិស័យពាណិជ្ជកម្ម និងការវិនិយោគ, សុខាភិបាល, ការអប់រំ និងការបណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ,ទេសចរណ៍ ,ថាមពល,​ ​បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)។ លើសពី​នេះ សម្តេចមហាបវរ​ធិបតី​ និង​លោក​ប្រធាន​រដ្ឋសភា​ ក៏បានឯកភាពគ្នាលើសារៈសំខាន់នៃកិច្ចសហការ និងការបំពេញឱ្យគ្នាទៅវិញទៅមក​រវាងស្ថាប័ន​នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមថ្មីៗប្រកបដោយប្រសិទ្ធភាពសំដៅ​​រួមចំណែក​ដល់ការថែរក្សា​សន្ដិភាព ស្ថិរភាព និង​វិបុលភាពនៅក្នុងតំបន់។

សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណយ៉ាងជាថ្មីម្តងទៀតចំពោះលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ ដែលបានជួយសម្របសម្រួលឱ្យសម្រេចបាននូវបទឈប់បាញ់ និងសេចក្តី​ថ្លែង​ការណ៍រួមទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំង​បាន​ជម្រាប​លោក​ប្រធាន​រដ្ឋសភា​ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ​ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការ​ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ​ ដោយសន្តិវិធី ដោយផ្អែកលេីច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិ​សញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕