ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកត់សម្គាល់ថា ការកើតមានជម្លោះកាន់តែច្រើនឡើងនៅទូទាំងពិភពលោក រួមទាំងក្នុងតំបន់ផងដែរ បានរំលឹកដល់យើងទាំងអស់គ្នា អំពីភាពផុយស្រួយនៃសន្តិភាព ខណៈការអភិវឌ្ឍដែលចំណាយពេលរាប់ទសវត្សរ៍ អាចត្រូវបំផ្លាញក្នុងរយៈពេលដ៏ខ្លី ហើយការកសាងសន្តិភាពឡើងវិញ បន្ទាប់ពីបាត់បង់ទៅ គឺជារឿងដ៏លំបាកបំផុត។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កត់សម្គាល់បែបនេះ ធ្វើឡើងក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» នាទី២៨ ខែសីហា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ជម្លោះនៅតំបន់ណាមួយអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល បង្កើនតម្លៃថាមពល និងស្បៀងអាហារ ប៉ះពាល់ដល់ពាណិជ្ជកម្ម និងការវិនិយោគ បង្កើតការផ្លាស់ទីលំនៅរបស់ប្រជាជន និងធ្វើឱ្យអសន្តិសុខកាន់តែធ្ងន់ធ្ងរនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ។ បន្ថែមពីនេះ គ្រោះមហន្តរាយអាកាសធាតុ ជំងឺរាតត្បាត ការគំរាមកំហែងតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មឆ្លងដែន ក៏មិនគោរពព្រំដែនជាតិដែរ។ ដូច្នេះហើយ គ្មានប្រទេសណាមួយ មិនថាមានទំហំ ទ្រព្យសម្បត្តិ ឬអំណាចប៉ុណ្ណា អាចដោះស្រាយបញ្ហាប្រឈមទាំងនេះដោយខ្លួនឯងបានឡើយ។
ក្នុងន័យនេះ សាមគ្គីភាពមិនមែនគ្រាន់តែជាការបង្ហាញនូវសុឆន្ទៈប៉ុណ្ណោះទេ ប៉ុន្តែជាតម្រូវការជាក់ស្តែងដែលតម្រូវឱ្យប្រទេសនានាធ្វើការរួមគ្នា គោរពវិធានដែលបានព្រមព្រៀង ពង្រឹងស្ថាប័នពហុភាគី និងជាពិសេស គឺការពារសន្តិភាព។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ទៀតថា «ទោះជាយ៉ាងណា សន្តិភាពមានភាពផុយស្រួយ ហើយមិនអាចចាត់ទុកថានឹងមានជានិច្ចបានឡើយ។ ជម្លោះកាន់តែច្រើនឡើងនៅទូទាំងពិភពលោក រួមទាំងក្នុងតំបន់របស់យើងផងដែរ បានរំលឹកយើងថា ការអភិវឌ្ឍដែលចំណាយពេលរាប់ទសវត្សរ៍ អាចត្រូវបំផ្លាញក្នុងរយៈពេលដ៏ខ្លី ហើយការកសាងសន្តិភាពឡើងវិញ បន្ទាប់ពីបាត់បង់ទៅ គឺជារឿងដ៏លំបាក»។
លោកបន្ថែមថា កម្ពុជាយល់ច្បាស់អំពីការពិតនេះ តាមរយៈប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់ខ្លួន ដែលបានឆ្លងកាត់សង្គ្រាម និងជម្លោះជិតបីទសវត្សរ៍ រួមទាំងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបាននាំប្រទេសទៅកាន់ «ឆ្នាំសូន្យ»។ សម្រាប់កម្ពុជា សន្តិភាពមិនមែនគ្រាន់តែជាជម្រើសនោះទេ តែជាតម្រូវការ ជាទ្រព្យសម្បត្តិ និងជាមូលដ្ឋានគ្រឹះដែលការអភិវឌ្ឍគ្រប់ទម្រង់ត្រូវពឹងផ្អែក។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនបានសង្កត់ធ្ងន់ថា គ្មានសន្តិភាព គ្មានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព គ្មានការវិនិយោគប្រកបដោយអត្ថន័យ គ្មានការអប់រំប្រកបដោយគុណភាព គ្មានវឌ្ឍនភាពសង្គម និងគ្មានអនាគតដែលមានសុវត្ថិភាពសម្រាប់ប្រជាជនឡើយ។ ដូច្នេះ សន្តិភាព និងវិបុលភាពត្រូវយល់ថា ជាគោលដៅដែលពង្រឹងគ្នាទៅវិញទៅមក ដោយសន្តិភាពបង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍ ខណៈវិបុលភាពដែលមានបរិយាបន្ន និងរួមគ្នា ពង្រឹងមូលដ្ឋាននៃសន្តិភាពយូរអង្វែង៕











