កូនត្រីពូជ និងត្រីមេពូជជាច្រើនប្រភេទប្រមាណ ២០ម៉ឺនក្បាល ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែង លែងចូលក្នុងដែនទឹកធម្មជាតិ នៃទន្លេសេកុងស្ទឹងត្រែង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។
ពិធីនេះរៀបចំឡើងដោយរដ្ឋបាលខេត្ត ក្រោមប្រធានបទ «រួមគ្នាថែរក្សាធនធានជលផល ដើម្បីអនាគតខ្មែរ» ដោយមានការអញ្ជើញជាអធិបតីភាពពី ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង តំណាងក្រុមហ៊ុន GANZBERG មន្ទីរ អង្គភាព មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងស្ទឹងត្រែង យ៉ាងច្រើនកុះករ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានលើកឡើងថា ពិធីលែងកូនត្រី និងត្រីមេពូជនាពេលនេះ គឺជាការបង្ហាញឱ្យឃើញពីសក្ខីភាពនៃការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត ចំពោះវិស័យជលផល ដើម្បីធ្វើឲ្យប្រសើរឡើងនូវធនធានជលផលដ៏សំបូរបែបនៃយើង ដែលធនធានទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង ទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ លើកស្ទួយសេដ្ឋកិច្ចជាតិ និងដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ដែលមានសក្តានុពល និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមអភិរក្សធនធានជលផលប្រកបដោយនិរន្តរភាព។
លោក ទុំ នីរ៉ូ បានបន្តថា ការអភិរក្សធនធានជលផលនៅខេត្តស្ទឹងត្រែង គិតមកដល់បច្ចុប្បន្ននេះ កន្លែងអភិរក្សជលផលនៅក្នុងកន្លែងនេសាទសហគមន៍ និងកន្លែងនេសាទបម្រុង មានចំនួន ៧៨កន្លែង ក្នុងនោះរួមមាន អន្លង់អភិរក្សសត្វផ្សោតចំនួន ០៣កន្លែង និងអន្លង់អភិរក្សត្រីមេពូជសហគមន៍ចំនួន ៧៥កន្លែង។
លោកថា សម្រាប់រតនៈសម្បត្តិមានជីវិតគឺសត្វផ្សោតទឹកសាបនៅខេត្តស្ទឹងត្រែង មានប្រមាណពី ២៨ ទៅ៣១ក្បាល។ ទន្ទឹមនឹងនេះផងដែរ ខេត្តស្ទឹងត្រែង គឺនៅមានធនធានជលផលកម្រៗមួយចំនួនទៀត ដែលនៅមានវត្តមានដូចជា ត្រីបបែលយក្សទឹកសាប ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ ត្រីប៉ាស៊ីអ៊ី ត្រីប៉ាវ៉ាមុខពីរ និងត្រីប៉ាសាណាក ជាដើម។ល។ ដែលបណ្តាតំបន់ផ្សេងៗបានបាត់បង់ ឬស្ទើរតែបាត់បង់អស់ទៅហើយនោះ។
អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា មានប្រសាសន៍ថា ត្រីគឺជាអាហាររូបត្ថម្ភដែលជួយទ្រទ្រង់សរីរាង្គកាយ ផ្តល់នូវប្រូតេអ៊ីនដ៏មានសារសំខាន់ យើងអាចនិយាយបានថា «ត្រីគឺជាជីវិត» ដូច្នេះថ្ងៃនេះយុទ្ធនាការនេះយើងបានព្រលែងជីវិតចូលទៅក្នុងផ្ទៃទន្លេសេកុង ជាមួយនឹងការថែទាំនូវប្រព័ន្ធជីវចម្រុះក្នុងទឹក ហើយយុទ្ធនាការនេះពិតជាផ្តល់នូវគុណតម្លៃ ដោយចាត់ទុកថា យុទ្ធនាការនេះជា «យុទ្ធនាការស្នេហាជាតិ» ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ទើបតែបញ្ចប់នូវពិធីមច្ឆជាតិ ហើយខេត្តស្ទឹងត្រែង ក៏នឹងទើបតែនឹងរៀបចំធ្វើពិធីលែងកូនត្រី និងត្រីមេពូជរាប់សិបម៉ឺនក្បាលចូលទៅក្នុងផ្ទៃទឹក នៅទំនប់វារីអគ្គិសនីសេសានក្រោម២ នាពេលថ្មីៗកន្លងទៅនេះរួចហើយដែរ។
ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង បានលើកឡើកថា៖ «ពួកយើងនៅទីនេះមិនដែលនិយាយថា ពួកយើងស្នេហាជាតិនោះទេ ក៏ប៉ុន្តែទង្វើរបស់យើងទាំងអស់គ្នា បានបង្ហាញឱ្យឃើញពីស្មារតីស្នេហាជាតិ ស្រឡាញ់ជាតិ ហើយអ្វីដែលយើងធ្វើ គឺស្របនឹងគោលបំណងរបស់រាជរដ្ឋាភិបាល ស្របនឹងបំណងប្រាថ្នារបស់ប្រជាជន» អ្វីដែលយើងធ្វើនៅថ្ងៃនេះ គឺជាការថែរក្សា អភិរក្ស លើបណ្តាព្រៃទាំងអស់ ក៏ដូចជាប្រព័ន្ធជីវចម្រុះដែលកំពុងមានជីវិតក្នុងទឹក ហើយទង្វើនេះដើម្បីជីវិតរបស់ប្រជាជន សម្រាប់អ្នកជំនាន់នេះ និងអ្នកជំនាន់ក្រោយៗទៀត។
ឯកឧត្តម សរ សុពុត្រា បានបញ្ជាក់ថា កន្លងមកតាមរយៈមន្ទីរកសិកម្មខេត្ត ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង រួមជាមួយអាជ្ញាធរដែនដីគ្រប់ស្រុក ឃុំ-សង្កាត់ ក្រុមឆ្មាំទន្លេ និងសហគមន៍នេសាទ បានរួមពួតដៃគ្នាក្នុងការបង្ក្រាបបទល្មើសនេសាទ ដែលប្រើប្រាស់ឧបករណ៍ខុសច្បាប់នៅក្នុងដែនទឹក គឺយើងមានវិធានការជាបន្តបន្ទាប់ចំពោះអ្នកប្រព្រឹត្តបទល្មើសនេសាទ។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យរួមគ្នាថែរក្សាធនធានធម្មជាតិក្នុងទឹក និងនៅលើដី និងលោកបានសង្កត់ធ្ងន់ទៅលើជនល្មើសដែលកំពុងតែនេសាទដោយខុសច្បាប់ ព្រមទាំងបានក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវរឹតបន្តឹងលើការចុះល្បាតឱ្យបានជាប្រចាំ និងត្រូវពិនិត្យមើលទៅលើបណ្តាទីតាំង និងអាជីវកម្មមួយចំនួនដែលនៅតែបន្តលក់ និងការកែច្នៃឧបករណ៍នេសាទខុសច្បាប់ជាដើមនោះ ត្រូវរួមគ្នាធ្វើការទប់ស្កាត់ និងបង្ក្រាបឱ្យខាងតែបាន។
ឯកឧត្តមអភិបាលខេត្ត បានប្រកាសមិនលើកលែងឱ្យជាដាច់ខាត ចំពោះជនដែលនៅតែបន្តប្រព្រឹត្តបទល្មើសធនធានជលផល និងជីវចម្រុះ ដើម្បីធានាសន្តិសុខស្បៀង ទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យបានកាន់តែល្អប្រសើរថែមទៀត៕





























