ឯកឧត្តម ជិត គន្ធុល អគ្គាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ និងថវិកា ដែលជាអំណោយចៅៗ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី ទៅប្រគល់ជូនកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមរភូមិទិសទី១ប្រាសាទវិហារ។
អំណោយនេះត្រូវបានប្រគល់ជូននាយទាហាន នាយទាហានរង ពលទាហាន ព្រមទាំងនាយ-ពលនគរបាល ដើម្បីរួមចំណែកជួយសម្រួលដល់ជីវភាព និងជាកម្លាំងចិត្តដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចដ៏មានសារៈសំខាន់ក្នុងការការពារបូរណភាពទឹកដី។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ មៀត សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសប្បុរសជន ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ការឧបត្ថម្ភគាំទ្រដល់កងកម្លាំងនៅសមរភូមិមុខ ជាពិសេសតាមរយៈការផ្តល់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា។
ជាមួយគ្នានេះឯកឧត្តម ជិត គន្ធុល បានថ្លែងពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់បងប្អូននៅសមរភូមិក្រោយ ជូនចំពោះកងកម្លាំងទាំងអស់ដែលកំពុងឈរជើងការពារទឹកដី។ ឯកឧត្តមបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះស្មារតីលះបង់ និងការខិតខំបំពេញភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធគ្រប់រូប ព្រមទាំងបញ្ជាក់ពីជំនឿចិត្តលើការដឹកនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហាប្រឈមនានាដោយសន្តិវិធី។
ឯកឧត្តមនិងប្រតិភូបានថ្លែងប្រសិទ្ធពរជ័យជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងនាយ-ពលនគរបាលទាំងអស់ សូមមានសុខភាពល្អ កម្លាំងមាំមួន សុវត្ថិភាព និងទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ៕

















