ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បើកវគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំរបាយការណ៍វាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត


ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូ​ន នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំរបាយការណ៍វាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (Regulatory Impact Assessement) ដោយមានការចូលរួមពី តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្រ្តី ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការពាក់ព័ន្ធ។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹង និងបង្កើនសមត្ថភាពរបស់ក្រុមការងារវាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង និងមន្រ្តីជំនាញទទួលបន្ទុក ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ និងវិធីសាស្ត្រថ្មីៗសម្រាប់បំពេញតួនាទីរបស់ខ្លួន ដោយធានាបានថា រាល់លិខិតបទដ្ឋានគតិយុត្តរៀបចំដោយក្រសួង គឺពិតជាមានតម្លាភាព គណនេយ្យភាព និងបម្រើឧត្តមប្រយោជន៍សាធារណៈខ្ពស់បំផុត ស្របតាមទិសដៅ និងការដឹកនាំរបស់រាជរដ្ឋាភិបាល។

បន្ថែមពីនេះវគ្គបណ្តុះបណ្តាលនេះ នឹងបណ្តុះវប្បធម៌នៃការវិភាគបទបញ្ញត្តិប្រកបដោយភាពហ្មត់ចត់ ដោយផ្អែកលើទិន្នន័យ និងភស្តុតាង ដែលអាចប្រមូល និងចងក្រងបានពីក្រសួង និងតួអង្គពាក់ព័ន្ធ៕