ថ្នាក់ដឹកនាំខេត្តកំពង់ចាម ប្រារព្ធពិធីបញ្ចុះបឋមសិលា សាងសង់សាលាបុណ្យនៅវត្តភ្នំប្រុស ស្រុកកំពង់សៀម


(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា សាងសង់សាលាបុណ្យថ្មីមួយ នៅក្នុងបរិវេណវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

ព្រះធម្មសីលវង្សា ជិន សាវឿន ព្រះចៅអធិការវត្តសុវណ្ណគិរីរតនៈ (វត្តភ្នំប្រុស) មានសង្ឃដីកាថា ការសាងសង់សាលាបុណ្យនេះ មានគោលបំណងបង្កើនទីកន្លែងសម្រាប់ទទួលពុទ្ធបរិស័ទជិតឆ្ងាយ ដែលអញ្ជើញមកប្រារព្ធពិធីបុណ្យ និងធ្វើបុណ្យសាងកុសលតាមប្រពៃណីព្រះពុទ្ធសាសនា។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់ក្រុមការងារបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់លើការសាងសង់ប្រកបដោយគុណភាព និងរៀបចំហេដ្ឋារចនាសម្ព័ន្ធជុំវិញទីតាំងឱ្យមានសោភ័ណភាព សុវត្ថិភាព និងអនាម័យបរិស្ថាន ដើម្បីបម្រើដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងភ្ញៀវទេសចរ ដែលអញ្ជើញមកធ្វើបុណ្យ និងទស្សនាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំប្រុស៕