គណៈប្រតិភូគណៈកម្មការទី៩ ព្រឹទ្ធសភា វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍខេត្តពោធិ៍សាត់


(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូគណៈកម្មការទី៩ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការ ដើម្បីចុះស្វែងយល់ពីវឌ្ឍនភាព ការអនុវត្តច្បាប់ និងបញ្ហាប្រឈមនានា ក្នុងការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋាន។

ជំនួបពិភាក្សាការងារនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណ និងសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់គណៈប្រតិភូព្រឹទ្ធសភា។ លោកអភិបាលខេត្តបានគូសបញ្ជាក់ពីសមិទ្ធផលផ្លែផ្កាសំខាន់ៗជាច្រើន ដែលខេត្តសម្រេចបាន នាពេលកន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាល ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

សមិទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តពោធិ៍សាត់បានរាយការណ៍ជូនអង្គប្រជុំ រួមមាន៖

*ការអភិវឌ្ឍច្រាំងស្ទឹង ការរៀបចំទីតាំងរៀបរយជូនប្រជាពលរដ្ឋ យុទ្ធនាការដាំដើមឈើបានជាង១១ម៉ឺនដើម ការបំពាក់អំពូលសូឡាតាមដងផ្លូវសាធារណៈ ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដល់បាត់ដំបង និងការរៀបចំសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវ។

*ការរៀបចំប្លង់សង់សួនច្បារ «ទេពឧកញ៉ា ឃ្លាំង មឿង» និងការសាងសង់ «វិមានឈ្នះឈ្នះ» នៅសង្កាត់លលកស ដើម្បីរំឭកគុណូបការៈបុព្វបុរស និងទាក់ទាញភ្ញៀវទេសចរ។

*គម្រោងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ-យកសាច់ (ទំហំ ១ពាន់ហិកតា) និងគម្រោងរោងចក្រផលិតអគ្គិសនីដើរដោយថាមពលជីវម៉ាស់ (50MW) ថាមពលពន្លឺព្រះអាទិត្យ (40MW) ព្រមទាំងរោងចក្រកែច្នៃផ្សេងៗរបស់ក្រុមហ៊ុន KPS (ទំហំ ៥ពាន់ហិកតា) នៅស្រុកវាលវែង។

*ខេត្តមានស្ថានីយផលិតអគ្គិសនីចំនួន ៦កន្លែង (វារីអគ្គិសនី៣ និងថាមពលពន្លឺព្រះអាទិត្យ៣) រោងចក្រធំៗចំនួន១១ មូលដ្ឋាន ប្រើប្រាស់ទុនវិនិយោគជាង ១៦៣លានដុល្លារ បង្កើតការងារជូនប្រជាពលរដ្ឋបានជាង ៦,០០០នាក់ និងសហគ្រាសធុនតូច/មធ្យមជិត ៣០០មូលដ្ឋាន។

*បានចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋបានជាង ៣៣ម៉ឺនប័ណ្ណទូទាំងខេត្ត និងការបន្តអនុវត្តចុះបញ្ជីដីធ្លីតំបន់១ និងតំបន់២ បឹងទន្លេសាប។

ជាការឆ្លើយតប ឯកឧត្តម អ៊ុំ សារឹទ្ធ បាននូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងការរៀបចំរបាយការណ៍យ៉ាងលម្អិតពីសំណាក់រដ្ឋបាលខេត្តពោធិ៍សាត់។ លោកបានបញ្ជាក់ថា បេសកកម្មនាពេលនេះ គឺដើម្បីពិនិត្យ និងតាមដានការអនុវត្តច្បាប់ ព្រមទាំងស្វែងយល់ពីស្ថានភាពជាក់ស្តែង នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងវិស័យជាសមត្ថកិច្ច របស់គណៈកម្មការ។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុំ សារឹទ្ធ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមការដឹកនាំរបស់ ឯកឧត្តម ខូយ រីដា ដែលបានធ្វើឱ្យខេត្តមានការប្រែមុខមាត់យ៉ាងឆាប់រហ័ស ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមគួរឱ្យកត់សម្គាល់។

ប្រធានគណៈកម្មការ ក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួនដល់រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ឱ្យបន្តពង្រឹងការអនុវត្តច្បាប់ កែលម្អការផ្តល់សេវាសាធារណៈឱ្យរឹតតែមានប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជំនួបពិភាក្សាការងារនេះ បានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល និងទទួលបានផ្លែផ្កាខ្ពស់ ដោយគណៈប្រតិភូព្រឹទ្ធសភា បានកត់ត្រានូវរាល់សំណូមពរ និងបញ្ហាប្រឈមនានា ដើម្បីបូកសរុប និងនាំយកទៅរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា ក្នុងគោលដៅជួយគាំទ្រ និងជំរុញការអភិវឌ្ឍខេត្តពោធិ៍សាត់ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត នាពេលអនាគត៕