ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្សប្រមាណ ២.៨០០នាក់ មកពីឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ


នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានបន្តដឹកនាំក្រុមការងារអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារគណបក្សប្រមាណ ២.៨០០នាក់ មកពីតាមបណ្តាភូមិចំនួន ១៦ នៅក្នុងមូលដ្ឋានឃុំទ្រា នៃស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងកិច្ចសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្ស ជូនដល់សមាជិក សមាជិកា ជាមេគ្រួសារគណបក្ស និងអង្គពិធីទាំងមូល។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រាសម្រេចបាននាពេលកន្លងមក ក្នុងការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ប្រឡាយទឹក ផ្លូវថ្នល់ បន្ទប់ទឹក សាលារៀន មណ្ឌលសុខភាព និងវត្តអារាម។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមការងារ ត្រូវបន្តចូលរួមឱ្យកាន់តែសកម្មក្នុងការចុះជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលជួបការលំបាក ព្រមទាំងបន្តជួយឧបត្ថម្ភដល់គ្រួសារក្រីក្រ ជនចាស់ជរា ស្ត្រីសម្រាលកូន គ្រួសារងាយរងគ្រោះ គ្រួសារមរណភាព គ្រួសារវីរកងទ័ពជួរមុខ គ្រួសារភៀសសឹក និងគ្រួសារពលករចំណាកស្រុកជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា សមាជិក សមាជិកា ក៏ដូចជាក្រុមការងារគណបក្សទាំងអស់ នឹងបន្តសាមគ្គីភាព ឯកភាពគ្នាជាតួអង្គតែមួយ និងជាខ្នងបង្អែកដ៏រឹងមាំរបស់ប្រជាជន ព្រមទាំងអនុវត្តឱ្យបានជោគជ័យនូវផែនការរួមដែលបានដាក់ចេញ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ ខាងមុខនេះ៕