សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសិរីសួស្តីជូនប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ នៅស្ពានទ័ព ឬស្ពានទ័ព្វ ស្ថិតក្នុងភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
នៅក្នុងឱកាសនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ រួមមាន ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទេវតាថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាល និងទេវតាឆ្នាំមមី សូមតាមជួយអភិបាល ប្រោះព្រំ បីបាច់ថែរក្សា និងប្រសិទ្ធពរជ័យដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់នៅទូទាំងប្រទេស។
សម្តេចកិត្តិសង្គហបណ្ឌិត បានបួងសួងសុំឱ្យប្រជាពលរដ្ឋគ្រប់រូប ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន វិបុលសុខ និងសុភមង្គលគ្រប់ប្រការ ព្រមទាំងសូមឱ្យប្រទេសជាតិជៀសផុតពីជំងឺឧបទ្រពចង្រៃ និងគ្រោះធម្មជាតិផ្សេងៗ ព្រមទាំងសូមឱ្យវិស័យទេសចរណ៍កម្ពុជាកាន់តែរីកចម្រើន មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនឡើង។
ជាពិសេស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងសុំឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងបំពេញភារកិច្ចនៅតាមបន្ទាត់ព្រំដែន មានសុខភាពល្អ កម្លាំងមាំមួន និងទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី និងសន្តិសុខជូនជាតិ និងប្រជាជន។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងសូមឱ្យបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរទាំងអស់ សម្រេចបានជោគជ័យគ្រប់ការងារ មានជីវភាពកាន់តែប្រសើរ និងសូមឱ្យប្រទេសកម្ពុជាបន្តទទួលបានសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងការអភិវឌ្ឍថ្មីៗជាបន្តបន្ទាប់៕






















