សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី


ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បាននាំយកថវិកាចំនួន៤០លានរៀល ជាការឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនគ្រួសារសពវីរកងទ័ព នាយឯក តុន រកា ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនដែលមានទីលំនៅដ្ឋាន នៅស្រុកតាវែង ខេត្តរតនគិរី។

ពិធីប្រគល់ ថវិកាខាងលើបានធ្វើឡើងនៅ សាលប្រជុំ(VIP)សាលាខេត្ត នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីចូលរួមសោកស្តាយអាឡោះអាល័យជាពន់ពេកពីសំណាក់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចំពោះ ការបាត់បង់វីរកងទ័ព នៃកងយោធពលខេមរភូមិន្ទ ដែលមានទឹកចិត្តដ៏អង់អាចក្លាហាន មានឆន្ទៈមោះមុតបម្រើជាតិ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ជាពិសេស ការពារសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជន។ ក្នុងសមានទុក្ខដ៏សែនក្ដុកក្ដួលបំផុតនេះ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕