(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា បានបន្តបញ្ជូនកងកម្លាំងវិស្វកម្មកម្ពុជា ចំនួន ១៨៤នាក់ ក្នុងនោះមានយោធិនជានារី ប្រមាណ៣០នាក់ ស្មើនឹង១៥ភាគរយ ជាកងប្ដូរវេន ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ក្រោមឆត្រអង្គការសហប្រជាជាតិ (UN)។
ចំពោះការចាត់បញ្ជូនកងទ័ពមួកខៀវនេះ ធ្វើឡើងចំពេលដែលកម្ពុជាប្រារព្ធខួប ២០ឆ្នាំ នៃការចូលរួមចំណែកយ៉ាងសកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាពសកលលោក។ កងវិស្វកម្មលេខ៨៦៤ ត្រូវបានត្រួតពិនិត្យសុខភាព និងបានហ្វឹកហ្វឺន ជំនាញច្បាស់លាស់មុនត្រូវបានចាត់បញ្ជូនទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនេះ។
ខណៈកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៨៦ មានយោធិនចំនួន ១៨៤នាក់ ក្នុងនោះមាននារី ១៧នាក់ បានធ្វើមាតុភូមិនិវត្តន៍ដោយជោគជ័យ បន្ទាប់ពីបានបំពេញបេសកកម្មមនុស្សធម៌ដ៏មានសារៈសំខាន់រួមមានសកម្មភាពដោះមីន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការកសាងហេដ្ឋារចនាសម្ព័ន្ធជូនប្រជាជននៅអាហ្វ្រិកកណ្តាល។ សមិទ្ធផលទាំងនេះបានទទួលការកោតសរសើរយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ សែម រតនា ក៏បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត, ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជូនចំពោះបងប្អូនកងកម្លាំងនិងក្រុមគ្រួសារទាំងអស់ផងដែរ។ ជាពិសេសបានក្រើនរំលឹកបងប្អូនទាំងអស់ឱ្យរួបរួមសាមគ្គីឯកភាពគ្នាជាធ្លុងមួយជាមួយយុទ្ធមិត្តគ្រប់រូប និងត្រូវបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានល្អ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា បានផ្តាំផ្ញើដល់កងកម្លាំងមួកខៀវកម្ពុជាដែលទើបចេញទៅ បន្តប្រកាន់ខ្ជាប់នូវ វិន័យ សណ្តាប់ធ្នាប់ ភាពអត់ធ្មត់ និងបំពេញភារកិច្ចឱ្យបានល្អប្រសើរ ដើម្បីលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមចំណែករក្សាសន្តិភាពពិភពលោក។
គួរបញ្ជាក់ថា រយៈពេល២០ឆ្នាំមកនេះ គឺចាប់តាំងពីក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តមករាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជាបានបញ្ជូនកងកម្លាំងចូលរួមក្នុងបេសកកម្ម ក្រោមឆត្រអង្គការសហប្រជាជាតិ ចំនួន ១០ ៧២៦នាក់ (នារី ១ ០៥២នាក់) មាននៅប្រទេសចំនួន១០ ក្នុងនោះមាននៅសាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្ដាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស យេមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខណៈបច្ចុប្បន្ន នៅមានកងកម្លាំងកម្ពុជាកំពុងបំពេញបេសកកម្មនៅ៤ប្រទេស មានស៊ូដង់ខាងត្បូង លីបង់ អាហ្រ្វិកកណ្ដាល និងប្រទេសកុងហ្គោ ចំនួន៤៧៣នាក់៕























