(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកំណើននៃគ្រោះថ្នាក់ចរាចរណ៍ ដែលបច្ចុប្បន្ននេះមានសភាពធ្ងន់ធ្ងរស្ទើរតែប្រៀបបាននឹងជំងឺមហារីក ខណៈចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រចាំនៅតែបន្តកើនឡើង ដោយជាមធ្យមយ៉ាងហោច៥នាក់ក្នុងមួយថ្ងៃ។
ថ្លែងទៅកាន់ អភិបាលខេត្ត និងមន្រ្តីឃុំសង្កាត់ ក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខាភ្នំពេញ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញដល់អភិបាលខេត្តទាំងអស់ ឱ្យបន្តជំរុញមន្រ្តីក្រោមឱវាទរបស់ខ្លួនគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន តាមរយៈការពាក់មួកសុវត្ថិភាពនៅពេលជិះម៉ូតូ និងគោរពល្បឿនកំណត់នៅពេលបើកបររថយន្ត។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ប្រសិនបើករណីគ្រោះថ្នាក់ចរាចរណ៍បន្តកើនឡើងនោះ ចំនួនអ្នកបាត់បង់ជីវិតក្នុងឆ្នាំ២០២៦ នេះអាចនឹងមិនក្រោម ១.៦០០ នាក់ឡើយ ដែលជាការបាត់បង់ធនធានមនុស្សដ៏ច្រើន ខណៈដែលរាជរដ្ឋាភិបាលកំពុងខិតខំអភិវឌ្ឍធនធានមនុស្សនៅថ្នាក់ក្រោមជាតិ។
គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញគោលការណ៍យ៉ាងម៉ឺងម៉ាត់ ដោយព្រមាននឹងដកក្របខ័ណ្ឌមន្រ្តីក្រសួងមហាផ្ទៃ ទាំងមន្រ្តីស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ប្រសិនបើពួកគេបើកបរទាំងស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍។ វិធានការនេះ គឺដើម្បីលើកកម្ពស់គុណតម្លៃមន្រ្តីរបស់ក្រសួងមហាផ្ទៃ ដែលជាអង្គភាពអនុវត្តច្បាប់ចរាចរណ៍ និងដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា៕
















