ក្រសួងពាណិជ្ជកម្មលើកទឹកចិត្តប្រតិភូយុវជនឱ្យជំរុញចលនា «Made in Cambodia» និងផលិតផលសម្គាល់ភូមិសាស្ត្រ (GI) របស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក


(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ តំណាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងជំនួបសំណេះសំណាលជាមួយសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ដឹកនាំដោយលោកបណ្ឌិត ញិល រដ្ឋា និងប្រតិភូយុវជនកម្ពុជាចំនួន ១២រូប ដែលនឹងចូលរួមមហោស្រពយុវជនពិភពលោកឆ្នាំ២០២៦ នៅទីក្រុងយេកាតឺរីនប៊ួក ប្រទេសរុស្ស៊ី។

ក្នុងជំនួបនេះ ឯកឧត្តម កឹម ស៊ីថន បានគូសបញ្ជាក់ពីសារៈសំខាន់នៃ ការអភិវឌ្ឍមូលធនមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដោយចាត់ទុកការលើកកម្ពស់ចំណេះដឹង ជំនាញ និងសមត្ថភាពយុវជន ជាមូលដ្ឋានសម្រាប់ការបន្តវេន និងការអភិវឌ្ឍប្រទេស។

ឯកឧត្តមបានលើកឡើងពីការធ្វើកំណែទម្រង់ស្ថាប័ន សំដៅបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈ ឆ្លើយតបបានល្អប្រសើរចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ និងវិស័យឯកជន។ ឯកឧត្តមលើកពីការប្រើប្រាស់ Data Visualisation ដើម្បីបង្ហាញ និងផ្សព្វផ្សាយសមិទ្ធផលរបស់ក្រសួងពាណិជ្ជកម្ម ការរៀបចំចងក្រងឯកសារ ព័ត៌មាន និងទិន្នន័យនៅលើគេហទំព័រ និងបណ្ណាល័យអេឡិចត្រូនិករបស់ក្រសួង ដើម្បីបម្រើប្រយោជន៍សាធារណៈ។

ឯកឧត្តម កឹម ស៊ីថន បានរំលឹកពីការរីកចម្រើនរបស់កម្ពុជាក្រោមម្លប់សុខសន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍប្រទេស ហើយបន្តវេនដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ សុខសន្តិភាពបានបង្កើតឱកាសឱ្យយុវជនកម្ពុជាអាចចេញទៅសិក្សា រៀនសូត្រ ទទួលយកចំណេះដឹង និងបទពិសោធន៍នៅក្រៅប្រទេស ហើយយកធនធានចំណេះដឹងទាំងនេះមកចូលរួមអភិវឌ្ឍប្រទេស។ លោកបានប្រៀបធៀបថា កាលពីចុងទសវត្សរ៍ឆ្នាំ១៩៨០ ការធ្វើដំណើរពីកម្ពុជាទៅសហភាពសូវៀតអាចចំណាយពេលប្រមាណ ១០ថ្ងៃ ខណៈបច្ចុប្បន្ន ការតភ្ជាប់ជើងហោះហើរ និងហេដ្ឋារចនាសម្ព័ន្ធធ្វើដំណើរមានភាពងាយស្រួល និងរហ័សជាងមុនយ៉ាងច្រើន។

ឯកឧត្តមបានជំរុញឱ្យយុវជនសិក្សាឱ្យបានស៊ីជម្រៅអំពីចលនា «Made in Cambodia» និងយល់ថាការលើកកម្ពស់ផលិតផលខ្មែរ មិនមែនមានន័យត្រឹមតែការប្រើប្រាស់ផលិតផលក្នុងស្រុកនោះទេ ប៉ុន្តែជាការកសាងអត្តសញ្ញាណ គុណភាព និងភាពជឿជាក់លើផលិតផលកម្ពុជា ដើម្បីឱ្យអាចប្រកួតប្រជែងបានទាំងនៅក្នុងស្រុក និងទីផ្សារអន្តរជាតិ។ ការជំរុញផលិតកម្មក្នុងស្រុកក៏ជួយបង្កើនតម្លៃបន្ថែម បង្កើតការងារ ពង្រឹងខ្សែច្រវាក់ផលិតកម្ម និងកាត់បន្ថយការពឹងផ្អែកលើផលិតផលនាំចូល។

ដើម្បីជំរុញផលិតផលខ្មែរឱ្យឈានចូលទីផ្សារអន្តរជាតិ ក្រសួងពាណិជ្ជកម្មបានរៀបចំថ្នាលពាណិជ្ជកម្មអេឡិចត្រូនិក Cambodia Trade ដែលជាមធ្យោបាយឌីជីថលសម្រាប់ផ្សព្វផ្សាយ និងភ្ជាប់ផលិតផលខ្មែរទៅកាន់អ្នកទិញ និងអ្នកប្រើប្រាស់នៅក្រៅប្រទេស។ នៅលើថ្នាលនេះ មានផលិតផលខ្មែររាប់រយមុខ ត្រូវបានបែងចែកជាក្រុមសំខាន់ៗ រួមមាន វត្ថុអនុស្សាវរីយ៍ និងសិប្បកម្មប្រមាណ ៤៥២មុខ, ម្ហូបអាហារ និងភេសជ្ជៈប្រមាណ ៤១៥មុខ, សម្លៀកបំពាក់ និងស្បែកជើងប្រមាណ ២១៧មុខ និងសាប៊ូ និងគ្រឿងសំអាងប្រមាណ ២១៦មុខ ដែលបង្ហាញពីភាពសម្បូរបែបនៃផលិតផលកម្ពុជាដែលអាចឈានទៅកាន់ទីផ្សារអន្តរជាតិ។

ទន្ទឹមនេះ ផលិតផលស្រូវ-អង្ករ ស្វាយកែច្នៃ និងគ្រាប់ស្វាយចន្ទីកម្ពុជា បានបោះជំហានទៅកាន់ទីផ្សារសំខាន់ៗ រួមមានសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ ជប៉ុន សិង្ហបុរី និងព្រីតថេន (UK) ព្រមទាំងមានវត្តមាននៅលើបណ្តាញផ្សារទំនើបអន្តរជាតិមួយចំនួន ដូចជា COSTCO, E.Leclerc, Carrefour, Cold Storage, AEON, FamilyMart និង DFI Retail Group។

ឯកឧត្តម កឹម ស៊ីថន ក៏បានជំរុញឱ្យយុវជនសិក្សា និងផ្សព្វផ្សាយអំពីផលិតផលសម្គាល់ភូមិសាស្ត្រ (GI) របស់កម្ពុជា ដូចជា ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ បង្កងតាកែវ អំបិលកំពត-កែប ទឹកត្រីកំពត-កែប និងទឹកឃ្មុំព្រៃមណ្ឌលគិរី ដើម្បីឱ្យមិត្តអន្តរជាតិបានស្គាល់ ប្រើប្រាស់ និងភ្លក្សផលិតផលខ្មែរ ដើម្បីស្វែងយល់បន្ថែមអំពីកសិកម្ម ប្រពៃណី របៀបរស់នៅ វប្បធម៌ និងអត្តសញ្ញាណរបស់ប្រជាជនកម្ពុជា។

យុវជនដែលមានឱកាសជួបមិត្តអន្តរជាតិ គួរប្រែក្លាយខ្លួនជាអ្នកផ្សព្វផ្សាយសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ដោយមិនត្រឹមតែប្រាប់ថា «កម្ពុជាមានផលិតផលល្អ» ប៉ុន្តែអាចពន្យល់បានថា ផលិតផលខ្មែរមានប្រភពមកពីណា ផលិតដោយអ្នកណា មានតម្លៃអ្វី និងហេតុអ្វីអ្នកប្រើប្រាស់គួរជ្រើសរើសវា។

ជំនួបនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើការអភិវឌ្ឍមូលធនមនុស្ស និងការត្រៀមយុវជនឱ្យក្លាយជាស្ពានភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។

មហោស្រពយុវជនអន្តរជាតិឆ្នាំ២០២៦ នៅទីក្រុងយេកាតឺរីនប៊ួក ប្រទេសរុស្ស៊ី នឹងប្រមូលផ្តុំយុវជនប្រមាណ ១០ ០០០នាក់ ក្នុងនោះប្រមាណ ៥ ០០០នាក់មកពីក្រៅប្រទេស និងមកពីប្រមាណ ១៩៥ប្រទេស។ វាជាវេទិកាសម្រាប់យុវជនមកពីប្រទេសជាច្រើនជួបជុំ ផ្លាស់ប្តូរគំនិត វប្បធម៌ ចំណេះដឹង និងបទពិសោធន៍ ព្រមទាំងពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងយុវជនអន្តរជាតិ។ ប្រតិភូយុវជនកម្ពុជាទាំង ១២រូប អាចចូលរួមផ្សព្វផ្សាយសក្តានុពលសេដ្ឋកិច្ច ផលិតផល និងឱកាសពាណិជ្ជកម្មរបស់កម្ពុជា ដោយជួយឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែទូលំទូលាយពីមុំផ្សេងទៀត ក្រៅពីវិស័យទេសចរណ៍ និងបេតិកភណ្ឌ។