ពិធីសំណេះសំណាលជាមួយប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភា និងពិធីប្រគល់-ទទួលកុំព្យូទ័រ ដែលជាអំណោយវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា


នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភា និងពិធីប្រគល់-ទទួលកុំព្យូទ័រ ដែលជាអំណោយវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា។
ពិនេះក៏មានការញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវគណៈប្រតិភូនៃព្រឹទ្ធសភា លោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការរងកងកម្លាំងទាំង៣ លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨ លោក លោកស្រីមេឃុំ ចៅសង្កាត់ទាំង៨០ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងលោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត។
ឯកឧត្តម ម៉ម ប៊ុននាង មានប្រសាសន៍បញ្ជាក់ថា​កន្លងមកគណៈកម្មការទី១០ព្រឹទ្ធសភា និងវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជាបានចុះអនុស្សារណៈជាមួយគ្នាដេីម្បីចូលរួមជួយបណ្តុះបណ្តាលផ្តល់ចំណេះដឹង ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជូនកុមារ យុវជន និងប្រជាពលរដ្ឋកម្ពុជា ព្រមទាំងក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយបង្រៀន និងចូលរៀនបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលាតាមប្រព័ន្ធនិម្មិត ដែលស្របតាមទិសដៅធំនៃគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ និងជម្រុញដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ឱ្យបន្តផ្សព្វផ្សាយព័ត៌មានអាហារូបករណ៍ ក៏ដូចជាការចុះឈ្មោះចូលរៀននៅវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា ពិសេសយុវជន-យុវនារីដែលមានជីវភាពខ្វះខាត ឬនៅតំបន់ដាច់ស្រយាល ដើម្បីទទួលបាននូវការសិក្សា ដែលមានគុណភាពស្តង់ដាអន្តរជាតិ និងមានភាពងាយស្រួលក្នុងការសិក្សា។
ឯកឧត្តមបន្ថែមថា មូលដ្ឋានគ្រឹះនៃប្រជាជាតិមួយរុងរឿង និងមានការរីកចម្រើនយ៉ាងឆាប់រហ័ស គឺស្ថិតនៅលើភាពសម្បូរបែប និងគុណភាពនៃធនធានមនុស្សដែលជាសសរទ្រូងក្នុងការទ្រទ្រង់អនាគតប្រទេសជាតិឱ្យបានរឹងមាំ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
សូមជម្រាបជូនថា គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភាមានគោលបំណងស្វែងយល់អំពីប្រសិទ្ធភាព និងបញ្ហាប្រឈមនានានៃការអនុវត្ត ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ជាមួយរដ្ឋបាលខេត្ត​ រដ្ឋបាលស្រុក ក្រុង និងឃុំ សង្កាត់នៃខេត្តស្វាយរៀង ក្នុងឱកាសនោះដែរ គណៈកម្មការទី១០ រួមជាមួយវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជាបាននាំយកុំព្យូទ័រយួរដៃ ចែកជូនថ្នាក់ដឹកនាំបណ្តាមន្ទីរ អង្គភាពជុំវិញខេត្តចំនួន ៣៥គ្រឿង អភិបាលក្រុង ស្រុកទាំង៨ ចំនួន ៨គ្រឿង និងប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ៨០គ្រឿង ព្រមទាំងផ្សព្វផ្សាយ អាហាររូបករណ៍ដល់ឃុំ សង្កាត់ទូទាំងខេត្តស្វាយរៀងផងដែរ៕