(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ មានគោលបំណង និងផ្តល់ផលប្រយោជន៍សំខាន់ៗ ក្នុងការពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅថ្នាក់មូលដ្ឋាន ដោយធានាឱ្យការកំណត់មុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ មានភាពសមស្របជាមួយលទ្ធផលបោះឆ្នោតស្របនឹងឆន្ទៈរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
ឯកឧត្តមលើកឡើងបែបនេះ ក្នុងនាមតំណាងរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ នាសាលសន្និសីទ នៃទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងឱកាសឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ អញ្ជើញតំណាងរាជរដ្ឋាភិបាល បំភ្លឺលើអត្ថបទច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានទទួលសំណើរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាព ច្បាប់ខាងលើ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦។
ការអញ្ជើញភាគីពាក់ព័ន្ធមកបំភ្លឺនេះ គឺយោងតាមបទប្បញ្ញត្តិនៃមាត្រា២១ នៃច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលចែងអំពីសំណូមពរក្នុងករណីចាំបាច់ ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិក្នុងការស្នើសុំការបំភ្លឺ ឬការផ្ដល់ឯកសារពីក្រសួង ស្ថាប័នពាក់ព័ន្ធ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងសហការី តំណាងរាជរដ្ឋាភិបាល បានបំភ្លឺជូនក្រុមប្រឹក្សាធម្មនុញ្ញពីការវិវត្ត នៃដំណើរការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ជាពិសេស គោលបំណង និងផលប្រយោជន៍សំខាន់ៗ ព្រមទាំងភាពចាំបាច់មួយចំនួនដែលឈានទៅដល់ ការស្នើសុំធ្វើវិសោធនកម្មច្បាប់នេះ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ មានគោលបំណង និងផ្តល់ផលប្រយោជន៍សំខាន់ៗក្នុងការពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅថ្នាក់មូលដ្ឋាន ដោយធានាឱ្យការកំណត់មុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ មានភាពសមស្របជាមួយលទ្ធផលបោះឆ្នោតស្របនឹងឆន្ទៈរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដោយហេតុថា ក្នុងការអនុវត្តច្បាប់ជាក់ស្តែងបានបង្ហាញនូវបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការកំណត់មុខតំណែងមេឃុំ ឬចៅសង្កាត់ ជំទប់ទី១ ឬចៅសង្កាត់រងទី១ និងជំទប់ទី២ ឬចៅសង្កាត់រងទី២ ដែលក្នុងករណីខ្លះមិនទាន់ធានាបាននូវភាពស៊ីសង្វាក់គ្នារវាងលទ្ធផលបោះឆ្នោត និងប្រសិទ្ធភាពនៃការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ព្រោះថា ការកំណត់រៀបចំមុខតំណែងមេឃុំឬចៅសង្កាត់ ជំទប់ទី១ឬចៅសង្កាត់រងទី១ ជំទប់ទី២ឬចៅសង្កាត់រងទី២ នៅមិនទាន់ស្របតាមលទ្ធផលនៃការបោះឆ្នោតដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋនៅឡើយ»។
ឯកឧត្តមបានបន្តថា ស្ថានភាពនេះ អាចនាំឱ្យកើតមានការខ្វះឯកភាពក្នុងការដឹកនាំ ការសម្របសម្រួល និងការអនុវត្តការងាររដ្ឋបាល ដែលប៉ះពាល់ដល់ប្រសិទ្ធភាពនៃការបំពេញមុខងារសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។ ដោយពិនិត្យឃើញភាពចាំបាច់ និងតម្រូវការ នៃស្ថានភាពអនុវត្តជាក់ស្តែង ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ត្រូវបានរៀបចំឡើងក្នុងគោលបំណងកែលម្អរូបមន្ត ឬវិធីសាស្ត្រកំណត់អំពីការរៀបចំមុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ ឱ្យកាន់តែសមស្របទៅនឹងស្ថានភាពជាក់ស្តែង និងតម្រូវការនៃការអភិវឌ្ឍប្រព័ន្ធអភិបាលកិច្ចមូលដ្ឋាន ជាពិសេស ដើម្បីពង្រឹងស្ថិរភាព និងប្រសិទ្ធភាពនៃស្ថាប័ននៅមូលដ្ឋាន ដោយមិនធ្វើឱ្យបាត់បង់គោលការណ៍ប្រជាធិបតេយ្យ ឆន្ទៈរបស់ម្ចាស់ឆ្នោត និងការទទួលខុសត្រូវរបស់អ្នកកាន់មុខតំណែងសាធារណៈ ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងបង្កើនគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ សំដៅធានាឱ្យរដ្ឋបាលឃុំ សង្កាត់ មានសមត្ថភាពឆ្លើយតបនឹងតម្រូវការ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដោយពុំបានកែប្រែប្រព័ន្ធបោះឆ្នោត និងរូបមន្តបែងចែកអាសនៈដែលកំណត់ក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាធរមាន ឬកម្រិតសិទ្ធិរបស់ប្រជាពលរដ្ឋ និងគណបក្សនយោបាយក្នុងការចូលរួមដំណើរការប្រជាធិបតេយ្យនោះឡើយ។
សូមជម្រាបថា ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ខាងលើនេះ ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គដើម្បីពិនិត្យ និងសម្រេចនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ៕



















